ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវេណេស៊ុយអេឡា ចុះហត្ថលេខាលើក្រឹត្យ​ ស្តីពីចលាចលខាងក្រៅ​ ចំពេលមានការគំរាមកំហែងពីបរទេស

xinhua

ការ៉ាកាស ៖​ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា​ ម៉ាឌូរ៉ូ បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពី “ស្ថានភាពនៃចលាចលខាងក្រៅ” ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលរដ្ឋាភិបាល បានពិពណ៌នាថា ជាការឈ្លានពានរបស់បរទេស នេះបើតាមអនុប្រធានាធិបតីលោកស្រី​ Delcy Rodriguez។

លោកស្រី Rodriguez បានប្រកាសក្នុងអំឡុង កិច្ចប្រជុំមួយ របស់ក្រុមប្រឹក្សាជាតិ​ សម្រាប់អធិបតេយ្យភាព និងសន្តិភាព​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អនុប្រធានាធិបតីរូបនេះបានឧ្យដឹងថា ក្រឹត្យនេះមានគោលបំណង ការពារបូរណភាពទឹកដី អធិបតេយ្យភាព ឯករាជ្យភាព និងផលប្រយោជន៍ ជាយុទ្ធសាស្ត្រសំខាន់ៗរបស់ប្រទេស នៅពេលប្រឈមមុខនឹងការរំលោភបំពាន ឬឈ្លានពានណាមួយ ដែលកើតឡើងពីខាងក្រៅប្រឆាំងនឹងទឹកដីរបស់ប្រទេស។

លោកស្រី​បាន​បន្ថែម​ថា ការ​បង្កើត​កម្លាំង​យោធា​របស់​សហរដ្ឋ​អាមេរិក​ នៅ​តំបន់​ការាបៀន​នាពេល​ថ្មីៗ​នេះ​បាន​រំលោភ​លើ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ហើយ​បាន​បង្ក​ការ​គំរាម​កំហែង ​ដល់​ប្រទេស​វ៉េណេស៊ុយអេឡា​រួច​ហើយ។

លោកស្រីបានកត់សម្គាល់ថា ប្រសិនបើកងកម្លាំង យោធាអាមេរិកហ៊ានវាយប្រហារនោះ ក្រឹត្យនេះនឹងផ្តល់សិទ្ធិ អំណាចដល់ប្រធានាធិបតីភ្លាមៗក្នុងការប្រមូលផ្តុំកងកម្លាំងប្រដាប់អាវុធ និងធានាបាននូវការបន្តនៃសេវាកម្មសំខាន់ៗ។

លោកស្រី Rodriguez បានបន្ដថា រដ្ឋធម្មនុញ្ញ របស់វេណេស៊ុយអេឡា​ ហាមមិនឲ្យនរណាម្នាក់ក្នុង ឬក្រៅប្រទេស ពីការលើកកម្ពស់ គាំទ្រ ឬផ្តល់ភាពត្រឹមត្រូវ ដល់ការឈ្លានពានខាងយោធាប្រឆាំងនឹងវេណេស៊ុយអេឡា ដោយព្រមានថាអ្នកបំពាន នឹងត្រូវកាត់ទោសតាមច្បាប់ជាតិ៕

To Top