ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ វាយ​ប្រហារ ​លើ​គោលដៅ​ជាង ១៤០ នៅ​ទូទាំង​តំបន់​ហ្គាហ្សា

យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា កងកម្លាំងអាកាសរបស់ខ្លួន បានវាយប្រហារលើគោលដៅជាង ១៤០ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។

IDF បានអះអាងថា ទាំងនេះគឺជាគោលដៅ “ភេរវកម្ម” ដែលរួមមានកោសិកាសកម្មប្រយុទ្ធ អគារយោធា ទីតាំងប្រឆាំងរថក្រោះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា មនុស្ស ៥០នាក់ត្រូវបានសម្លាប់ និង ១៨៤នាក់ផ្សេងទៀត បានរងរបួសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមក​ ដែលជាលទ្ធផល នៃការវាយប្រហាររបស់អ៊ីស្រាអែល។

យោងតាម ​​IDF កងកម្លាំងពាសដែក របស់ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធ រុះរើគ្រឿងផ្ទុះ និងបំផ្លាញអគារនានាក្នុង ទីក្រុងហ្គាហ្សា​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅតំបន់ហ្គាហ្សាភាគ ខាងជើង កងកម្លាំងថ្មើរជើងរបស់ IDF បានវាយលុកទីតាំង សង្កេតការណ៍ ខណៈដែលកងទ័ព ជើងទឹកបានបំផ្លាញ ឃ្លាំងអាវុធ និងអគារ របស់ក្រុមហាម៉ាស។ IDF បានបន្ថែមថា កងកម្លាំងរបស់ខ្លួន ក៏បានសម្លាប់ពួកសកម្ម ប្រយុទ្ធនៅភាគខាងត្បូង នៃស្ទ្រីបផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top