ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សុំទោសកាតា ចំពោះការវាយប្រហារ តាមអាកាសនាពេលកន្លងមក​

xinhua

ដូហា៖​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បានសុំទោស ប្រទេសកាតា​ ចំពោះការវាយប្រហារ តាមផ្លូវអាកាសនា ពេលថ្មីៗនេះនៅទីក្រុងដូហា ដែលជាសម្បទាន ដ៏កម្រមួយដែលត្រូវ បានគេមើលឃើញថា​ មានសារៈសំខាន់សម្រាប់រដ្ឋឈូង សមុទ្រដើម្បីបន្តតួនាទីសម្របសម្រួល ដ៏សំខាន់របស់ខ្លួននៅក្នុងជម្លោះហ្គាហ្សា។

ការសុំទោសនេះបានកើតឡើង ក្នុងអំឡុងពេល សន្ទនាតាមទូរស័ព្ទត្រីភាគី ជាមួយនាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីការបរទេសលោក​ Sheikh Mohammed bin Abdulrahman bin Jassim Al Thani និងប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកាតា លោក ណេតាន់យ៉ាហ៊ូ បានសម្តែងការសោកស្តាយ​ ចំពោះឧបទ្ទវហេតុនេះ ហើយបានសន្យាថា​ ព្រឹត្តិការណ៍បែបនេះ នឹងមិនកើតឡើងម្តងទៀតឡើយ។

លោក Al Thani បានថ្កោលទោសយ៉ាងខ្លាំងចំពោះវាយប្រហារនេះ ដោយសង្កត់ធ្ងន់ថា ការការពារពលរដ្ឋ និងប្រជាជនកាតា គឺជា “អាទិភាពដាច់ខាត” និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កាតា​ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ សេចក្តីថ្លែងការណ៍ក៏បានគូសបញ្ជាក់អំពីការបន្តការប្តេជ្ញាចិត្តរបស់កាតាក្នុងការសម្រុះសម្រួលការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។

កាលពីថ្ងៃទី៩​ ខែកញ្ញា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើទីក្រុងដូហា ដោយអះអាងថា ពួកគេបានកំណត់គោលដៅទៅលើមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស់​ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង។

ក្រុមហាម៉ាស់បានឧ្យដឹងថា គណៈប្រតិភូរបស់ខ្លួន កំពុងនៅទីក្រុងដូហា​ នៅពេលនោះ ដើម្បីពិភាក្សាអំពីសំណើបទ ឈប់បាញ់​ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ការ​វាយ​ប្រហារ​នោះ​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​  ៥​នាក់ និង​មន្ត្រី​សន្តិសុខ​កាតា​ម្នាក់​ដែល​ធ្វើ​ឱ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ៕

To Top