ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មលើអង្គភាព និងបុគ្គលអ៊ីរ៉ង់ជាង ៧០ ជុំវិញការពាក់ព័ន្ធ ទៅនឹងកម្មវិធីនុយ ក្លេអ៊ែរ

Daily Mail

ឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសថា ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរបស់អ៊ីរ៉ង់ជាង ៧០ ដែលមានទំនាក់ទំនងនឹង កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយទណ្ឌកម្មរួមមានការ ហាមប្រាមការធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិ និងការដកសិទ្ធិជាដើម ។

រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា “ទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ត្រូវបានអនុវត្តចំពោះបុគ្គល និងអង្គភាពចំនួន ៧១”។ “ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនថាមពលរបស់អ៊ីរ៉ង់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្ម ក៏ដូចជាឥស្សរជន និងអង្គភាពរបស់អ៊ីរ៉ង់ ដែលពាក់ព័ន្ធក្នុងការសម្របសម្រួលកម្មវិធីនុយក្លេអ៊ែរ”។

ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ (E3) បានចេញសេចក្តីថ្លែងការណ៍ រួមមួយកាលពីថ្ងៃទី ២៨ ខែសីហា ដើម្បីផ្តួចផ្តើម “ដំណើរការខ្ទាស់” ដែលកំណត់ក្នុងដំណោះស្រាយ ២២៣១ សម្រាប់ “ការមិនអនុលោមតាមផែនការសកម្មភាពរួម JCPOA” របស់អ៊ីរ៉ង់។

យន្តការនេះបានអនុញ្ញាត ឱ្យដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល ៣០ ថ្ងៃ ប្រសិនបើអ៊ីរ៉ង់ ត្រូវបានគេចាត់ទុកថារំលោភលើផែនការ សកម្មភាពទូលំទូលាយរួមឆ្នាំ ២០១៥ (JCPOA)។ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិកាលពីថ្ងៃសុក្រ បានបរាជ័យក្នុងការអនុម័តដំណោះស្រាយ ដែលនឹងពង្រីកការបន្ធូរបន្ថយ ទណ្ឌកម្មសម្រាប់អ៊ីរ៉ង់។

អ៊ីរ៉ង់ បដិសេធការ ដាក់ទណ្ឌកម្ម UNSC ឡើងវិញកាលពីថ្ងៃអាទិត្យ ។ នៅក្នុងលិខិតមួយផ្ញើទៅកាន់ សមភាគីបរទេស របស់លោក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បាននិយាយថា ការប៉ុនប៉ងរបស់បណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីស្តារឡើងវិញនូវដំណោះស្រាយដែលត្រូវបានបញ្ចប់របស់ UNSC ប្រឆាំងនឹងអ៊ីរ៉ង់ បង្កើតបានជា “ការសរសេរឡើងវិញជាឯកតោភាគី” នៃច្បាប់អន្តរជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top