ស្នូរផ្ទុះខ្លាំងៗ ជាច្រើនដងលាន់លឺ នៅកណ្តាលទីក្រុង មុយនិច ប្រទេសអាល្លឺម៉ង់ បណ្តាឲ្យមានអ្នកស្លាប់និងរបួស

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ប្រភពដើម ចេញពីកាសែតអាល្លឺម៉ង់ Bild បានឱ្យដឹងថា មនុស្សម្នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជិវិត និងម្នាក់ទៀតរងរបួស នៅក្នុងទីក្រុងមុយនិច Munich បន្ទាប់ពីមានសំឡេងកាំភ្លើង និងការផ្ទុះជាច្រើន ត្រូវបានឮនៅក្នុងទីក្រុងនេះ។
ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា ប្រតិបត្តិការប៉ូលិស និងពន្លត់អគ្គីភ័យនៅបន្តដំណើរការនៅព្រឹកថ្ងៃពុធនៅតំបន់ Lerchenau ភាគខាងជើងទីក្រុង Munich ដោយមានអង្គភាពពិសេស និងអ្នកជំនាញការកម្ចាត់គ្រាប់បែកត្រូវបានដាក់ពង្រាយ និងក្រុមដាក់ខ្សែពួរផង។ ប៉ូលិសបានប្រកាសឲ្យមនុស្សជៀសវាងពីកន្លែងក្បែរនោះ។
Bild បាននិយាយទៀតថា ៖ សាកសព បុរសមួយនាក់ ត្រូវបានគេរកឃើញ ដោយបន្ថែមថា គាត់ប្រហែលជាបាន ដុតផ្ទះឪពុកម្តាយរបស់គាត់ ជាមួយនឹងជាតិផ្ទុះ ដុតវាហើយបន្ទាប់ មកបានសម្លាប់ខ្លួនឯង ។
គួរឲ្យដឹងដែរថាទីភ្នាក់ងារ ព័ត៌មាន អាល្លឺម៉ង់នេះក៏បានរាយការណ៍ដែរថា យ៉ាងហោចណាស់ មនុស្សម្នាក់ផ្សេងទៀត ត្រូវបានគេរកឃើញមានរបួស ដោយគ្រាប់កាំភ្លើង ដោយមិនបានបញ្ជាក់លម្អិត ឬទំនាក់ទំនងអ្វីឡើយទៅនឹង ហេតុការណ៍ខាងលើនេះទេ៕
ប្រែសម្រួល៖ស៊ុនលី
