រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បញ្ជាឱ្យប្រជាជនប៉ាឡេស្ទីន ដែលនៅសេសសល់ទាំងអស់ ចាកចេញពីទីក្រុង Gaza និងព្រមានថា នេះជាឱកាសចុងក្រោយ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលកាលពីថ្ងៃពុធបានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនដែលនៅសេសសល់ទាំងអស់ ចាកចេញពីទីក្រុង Gaza ដោយនិយាយថា វាជា “ឱកាសចុងក្រោយ” របស់ពួកគេ ចំណែកអ្នកដែលមិនចាកចេញ នឹងត្រូវបានចាត់ទុកថា ជាអ្នកគាំទ្រសកម្មប្រយុទ្ធ និងប្រឈមមុខនឹង “កម្លាំងពេញលេញ” នៃការវាយលុកចុងក្រោយរបស់អ៊ីស្រាអែល។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ២១ នាក់ត្រូវបានសម្លាប់នៅទូទាំងដែនដីហ្គាហ្សា, នេះបើយោងតាមមន្ទីរពេទ្យក្នុងស្រុក ខណៈដែលក្រុមហាម៉ាស់បានថ្លឹងថ្លែងសំណើថ្មីរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងគោលបំណងបញ្ចប់សង្រ្គាម និងប្រគល់មកវិញនូវឈ្លើយសឹកដែលនៅសេសសល់ដែលត្រូវបានចាប់ខ្លួននៅក្នុងក្រុមហាម៉ាសនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានប្រាប់សារព័ត៌មាន The Associated Press ថា មានចំណុចមួយចំនួននៅក្នុងសំណើដែលមិនអាចទទួលយកបាន ហើយត្រូវតែកែប្រែដោយមិនមានការបញ្ជាក់លម្អិត។ មន្រ្តីរូបនោះបាននិយាយថា ការឆ្លើយតបជាផ្លូវការនឹងកើតមានតែបន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រុមប៉ាឡេស្ទីនផ្សេងទៀត។
សូមជម្រាបថា ប្រជាជនប៉ាឡេស្ទីនប្រហែល ៤សែន នាក់បានភៀសខ្លួនចេញពីទីក្រុង Gaza ដែលរងគ្រោះដោយទុរ្ភិក្សចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុកដ៏ធំមួយកាលពីខែមុនក្នុងគោលបំណងកាន់កាប់តំបន់នេះ ប៉ុន្តែមនុស្សជាច្រើននាក់នៅតែបន្តរស់នៅ ដោយសារតែពួកគេមិនមានលទ្ធភាពចាកចេញ ឬខ្សោយខ្លាំងក្នុងការធ្វើដំណើរទៅកាន់ជំរុំតង់នៅភាគខាងត្បូង៕
ប្រែសម្រួលៈ ណៃ តុលា
