ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអាមេរិក​ បរាជ័យក្នុងការអនុម័ត ច្បាប់ចំណាយ នៅពេលដែលការបិទ រដ្ឋាភិបាលចាប់ផ្តើម

វ៉ាស៊ីនតោន៖​ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានបរាជ័យក្នុងការ អនុម័តច្បាប់ចំណាយរយៈពេលខ្លីមួយ ដោយសាររដ្ឋាភិបាលសហព័ន្ធបានឈានចូល ដល់ការបិទទ្វារលើកដំបូងក្នុងរយៈពេលជិតប្រាំពីរឆ្នាំ។

ព្រឹទ្ធសភា​បាន​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​ពីរ​ដូចគ្នា​ដែល​ខ្លួន​មិន​បាន​អនុម័ត​កាលពី​យប់​ថ្ងៃ​អង្គារ ពោលគឺ​មួយ​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​មួយទៀត​មក ពី​គណបក្ស​សាធារណរដ្ឋ។ 

អត្ថប្រយោជន៍នៃការថែទាំសុខភាព នៅតែជាចំណុចដ៏សំខាន់ នៅក្នុងការចរចាចុងក្រោយនេះ ដោយគណបក្សប្រជាធិបតេយ្យ បានតស៊ូមតិលើការផ្តល់មូលនិធិថែ ទាំសុខភាពកាន់តែខ្លាំង ខណៈដែលគណបក្សសាធារណរដ្ឋចោទ ប្រកាន់ពួកគេពីការស្វែងរកការផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ ដល់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ។ 

លោក JD Vance អនុប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយនៅក្នុងបទសម្ភាសន៍របស់ Fox News កាលពីថ្ងៃពុធថា “ឥឡូវនេះព្រឹទ្ធសភាប្រជាធិបតេយ្យ កំពុងបិទរដ្ឋាភិបាល​ និងយកសេដ្ឋកិច្ចជាចំណាប់ខ្មាំង​ ដោយសារតែពួកគេចង់ផ្តល់ អត្ថប្រយោជន៍ទាំងនោះឡើងវិញសម្រាប់ជនបរទេសខុសច្បាប់” ។ 

មេដឹកនាំព្រឹទ្ធសភាសំឡេងភាគតិច លោក Chuck Schumer បានឧ្យដឹងនៅលេីបណ្ដាញ​ X. ថា “ក្រុមសាធារណរដ្ឋបិទរដ្ឋាភិបាល ដោយសារតែពួក គេមិនអាចរំខាន​ ដើម្បីការពារការថែទាំសុខភាព សម្រាប់ជនជាតិអាមេរិកនៅទូទាំងប្រទេសនេះ​ នេះ គឺជាការកុហក”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top