អគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែង ខេត្តរ៉ាក់យ៉ង ប្រទេស ថៃ បង្កឲ្យមានការភ័យស្លន់ស្លោរដល់ប្រជាពលរដ្ឋ និងអ្នកបើកបរ រថយន្តក្បែរនោះ

បរទេស៖ អគ្គីភ័យឆាបឆេះឃ្លាំង នៅចំនុចប្រសព្វ Kameo ដោយផ្សែងខ្មៅកំពុងហុយខ្មួលខ្មាញ់ ហើយអណ្តាតភ្លើងកំពុង ឆាបឆេះយ៉ាងខ្លាំង។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅវេលាម៉ោង០៧ និង២៥នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ករណីអគ្គិភ័យបានឆាបឆេះឃ្លាំងមួយកន្លែង ខេត្តរ៉ាក់យ៉ង។ ដំបូងឡើយ គេឃើញផ្សែងខ្មៅហុយឡើ ងពេញអគារ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកបើកបររថយន្តក្នុង តំបន់នោះ។

មន្ត្រីការពារនិងកាត់បន្ថយគ្រោះមហន្តរាយ រួមជាមួយរថយន្តពន្លត់អគ្គិភ័យ មកពីស្ថាប័នមួយចំនួនកំពុងប្រញាប់ប្រញាល់ចុះទៅកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងអគ្គិភ័យ និងបង្ការកុំឲ្យឆេះរាលដាល។ ជាមួយគ្នានេះ មន្ត្រីនគរបាលថៃ ក៏កំពុងជួយសម្រួលដល់ការបិទផ្លូវចរាចរណ៍ជុំវិញ ដើម្បីសុវត្ថិភាពសាធារណៈផងដែរ។
មូលហេតុនៃការឆាបឆេះនេះនៅមិនទាន់ដឹងនៅឡើយទេ ហើយក៏មិនមានរបាយការណ៍ថាមានអ្នករបួសឬស្លាប់នោះដែរ ។ មន្ត្រីជំនាញកំពុងធ្វើការពន្លត់ភ្លើងជាបន្ទាន់ និងវាយតម្លៃការខូចខាតយ៉ាងហ្មត់ចត់៕
ប្រែសម្រួលៈ ណៃ តុលា
