ព័ត៌មានអន្តរជាតិ

ប្រធាន​ហិរញ្ញវត្ថុ G7 ​ព្រម​ព្រៀងគ្នាបង្កើន​ សម្ពាធ​លើ​រុស្ស៊ី​ ជុំវិញ​បញ្ហាអ៊ុយក្រែន

វ៉ាស៊ីនតោន៖​ ប្រធានហិរញ្ញវត្ថុ នៃក្រុមប្រទេសទាំង៧​ បានព្រមព្រៀងគ្នា​ ដើម្បីដាក់សម្ពាធកាន់តែខ្លាំង លើការនាំចេញប្រេងរបស់រុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីបញ្ចប់សង្រ្គាម របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ រួមមួយបន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតថា “យើងបានព្រមព្រៀងគ្នាថា ឥឡូវនេះគឺជាពេលវេលា​ ដើម្បីបង្កើនសម្ពាធលើការ នាំចេញប្រេងរបស់រុស្ស៊ី ដែលជាប្រភពចំណូលដ៏ សំខាន់របស់ពួកគេ” ។

រដ្ឋមន្ត្រីបានឧ្យដឹងថា ក្រុមនៃលទ្ធិប្រជាធិបតេយ្យ ឈានមុខគេ រួមមានកាណាដា ជប៉ុន និងសហរដ្ឋអាមេរិក នឹងកំណត់គោលដៅ “អ្នកដែលកំពុងបន្តបង្កើន ការទិញប្រេងពីរុស្ស៊ី​ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន និងអ្នកដែលសម្រប សម្រួលការគេចវេស”។

ដើម្បីវាយប្រហារលើចំណុចស្នូលនៃសង្រ្គាមរបស់រុស្ស៊ី សហរដ្ឋអាមេរិក​ បាននិងកំពុងជំរុញឱ្យសមាជិក G7 ផ្សេងទៀតដាក់ពន្ធខ្ពស់លើប្រទេស​ ដែលនាំចូលប្រេងពីរុស្ស៊ី ជាពិសេសចិន និងឥណ្ឌា។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានឧ្យដឹងនៅក្នុងទីក្រុងតូក្យូថា ក្នុងកិច្ចប្រជុំនោះ លោកបានបង្ហាញពីចេតនារបស់ជប៉ុន​ ក្នុងការបន្តធ្វើផ្នែករបស់ខ្លួន និងពង្រីកការគាំទ្រដល់អ៊ុយក្រែន​ តាមតម្រូវការ។

លោក Kato បាន​ប្រាប់​អ្នក​យក​ព័ត៌មាន ​ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​៖ «វា​មាន​ន័យ​ដែល​យើង​ម្នាក់ៗ​បាន​ទទួល​ស្គាល់​ពី​សារៈសំខាន់ ​នៃ​ការ​ដាក់​សម្ពាធ​ លើ​ប្រទេស​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម​ ដូច្នេះ​សន្តិភាព​ដ៏​ត្រឹមត្រូវ និង​យូរអង្វែង​អាច​ត្រូវ​បាន​សម្រេច​នៅ ​ក្នុង​ប្រទេស​អ៊ុយក្រែន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top