ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស​ការ​គាំទ្រ​របស់​ G7 ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ អង្គការ​សហប្រជាជាតិ​ឡើង​វិញ​ លើ​ក្រុង​តេអេរ៉ង់

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសក្រុមប្រទេសទាំង៧ (G7) សម្រាប់ការគាំទ្រការស្តារឡើងវិញ នូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើទីក្រុងតេអេរ៉ង់។

កាលពីថ្ងៃពុធ សេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋមន្ត្រីការបរទេស G7 បានសម្តែងការគាំទ្រចំពោះការធ្វើឱ្យសកម្មនៃយន្តការ “snapback” ដោយបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា E3 ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់ អង្គការសហប្រជាជាតិលើអ៊ីរ៉ង់។

G7 បានចោទប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ថា​ បានបរាជ័យជាបន្តបន្ទាប់ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក ដែលត្រូវបានគេស្គាល់ជាផ្លូវការថា​ ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

លោក Baghaei បានរិះគន់សេចក្តីថ្លែងការណ៍របស់ G7 ថាជា “ការលាក់ពុត និងបំភ្លៃការពិត” ដោយថា ការយល់ព្រមរបស់ G7 លើ E3 និងការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក​ ដើម្បីដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសអ៊ីរ៉ង់បានបង្កើតការគាំទ្រ​ សម្រាប់សកម្មភាពដែល “បំពានច្បាប់អន្តរជាតិ” ។

លោកបានច្រានចោលការអះអាងដែលថា E3 និងវ៉ាស៊ីនតោន​ បានផ្តល់ផ្លូវការទូតដោយសុច្ចរិត ដោយបន្ទោសការដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ក្នុងឆ្នាំ២០១៨ និង “ការរំលោភច្បាប់អន្តរជាតិឥតឈប់ឈរ” សម្រាប់វិបត្តិបច្ចុប្បន្ន ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top