ព័ត៌មានអន្តរជាតិ

អាមេរិកមើលឃើញថា មីស៊ីលចំងាយឆ្ងាយ Tomahawk មិនអាចជួយអ្វី ដល់អ៊ុយក្រែនទេ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពពីមន្ត្រីអាមេរិកជឿថា ការផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk នឹងមិនអាចផ្លាស់ប្តូរខ្លាំងនូវសមរភូមិនិងការចង់បាន ដោយទីក្រុងគៀវនោះទេ។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាសំណើរបស់អ៊ុយក្រែនសម្រាប់មីស៊ីល Tomahawks ដែលអាចបាញ់បានចម្ងាយដល់ទៅ២៥០០ គីឡូម៉ែត្រ និងមានតម្លៃប៉ាន់ស្មាន១,៣លានដុល្លារអាមេរិក ពោលគឺអាចបាញ់ទៅដល់ទីក្រុងមូស្គូ និងឆ្ងាយជាងនេះទៀតផង ។

ប្រភព FT ដែលដឹងពីបញ្ហានេះបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងពិចារណាលើគំនិតនេះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកម្នាក់បានប្រាប់កាសែតថា មនុស្សមួយចំនួន នៅក្នុងរង្វង់ខាងក្នុងរបស់លោក Trump ជឿថា Tomahawks ទំនងជាមិនផ្លាស់ប្តូរស្ថានភាពសមរភូមិនោះទេ ។

ដោយឡែក ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផ្តល់ឲ្យអ៊ុយក្រែននូវការស៊ើបការណ៍ប្រសើរឡើង ដើម្បីដឹកនាំការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ដែលជាវិធានការមួយ ដែលត្រូវបានពិពណ៌នាដោយ FT ថាជា ការកើនឡើង នៃការគាំទ្ររបស់សហរដ្ឋអាមេរិក ដែលមានបំណងជួយក្រុងកៀវ ធ្វើផែនទីការពារដែនអាកាសរុស្ស៊ី និងផែនការផ្លូវវាយប្រហារ។

អ៊ុយក្រែន​បាន​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី ​ជា​យូរ​មក​ហើយ​ ដែល​ផ្តោត​លើ​ទីតាំង​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​តំបន់​លំនៅឋាន ដែល​ពេល​ខ្លះ​មាន​ជន​ស៊ីវិល​ស្លាប់ផង ។ រុស្ស៊ី​បាន​សងសឹក​ដោយ​វាយ​ប្រហារ ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នឹង​យោធា ដោយ​ទទូច​ថា​ខ្លួន​មិន​ដែល​កំណត់​គោលដៅ​ជន​ស៊ីវិល​ឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top