លោក Trump បញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកនៅហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស់ទទួលយកផ្នែកខ្លះនៃផែនការសន្តិភាពរបស់លោក

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្របានបញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមហាម៉ាសបាននិយាយថាខ្លួនបានទទួលយកធាតុមួយចំនួននៃផែនការរបស់លោកដើម្បីបញ្ចប់សង្រ្គាមជិតពីរឆ្នាំ និងប្រគល់ចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហាម៉ាស់បាននិយាយថា ខ្លួនមានឆន្ទៈក្នុងការដោះលែងចំណាប់ខ្មាំង និងប្រគល់អំណាចទៅឱ្យប៉ាឡេស្ទីនផ្សេងទៀត ប៉ុន្តែទិដ្ឋភាពផ្សេងទៀតនៃផែនការនេះ ទាមទារឱ្យមានការពិគ្រោះយោបល់បន្ថែមទៀតក្នុងចំណោមប៉ាឡេស្ទីន។ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានលើកឡើងថា នៅតែមានការខ្វែងគំនិតគ្នាសំខាន់ៗដែលទាមទារឱ្យមានការចរចាបន្ថែមទៀត។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលត្រូវបានរៀបចំសម្រាប់ការអនុវត្ត “ដំណាក់កាលដំបូង” នៃផែនការរបស់លោក Trump ដែលជាក់ស្តែងសំដៅទៅលើការដោះលែងចំណាប់ខ្មាំង។ ប៉ុន្តែការិយាល័យរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលបានប្តេជ្ញាចិត្តក្នុងការបញ្ចប់សង្រ្គាមដោយផ្អែកលើគោលការណ៍ដែលខ្លួនបានកំណត់ពីមុន ដោយមិនដោះស្រាយគម្លាតដែលអាចកើតមានជាមួយក្រុមហាម៉ាស់។
ក្រុមហាម៉ាសបាននិយាយថា ទិដ្ឋភាពនៃសំណើដែលប៉ះលើអនាគតនៃតំបន់ហ្គាហ្សាស្ទ្រីប និងសិទ្ធិប៉ាឡេស្ទីន គួរតែត្រូវបានសម្រេចដោយឈរលើមូលដ្ឋាននៃ “ជំហរប៉ាឡេស្ទីនជាឯកច្ឆ័ន្ទ” ដែលឈានដល់ជាមួយបក្សពួកផ្សេងទៀត និងផ្អែកលើច្បាប់អន្តរជាតិ។
ប្រែសម្រួលៈ ណៃ តុលា
