OPEC+ នឹងបង្កើនការផលិតប្រេង ១៣៧.០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែវិច្ឆិកាខាងមុខ

បរទេស៖ ប្រទេសមួយក្រុម ដែលជាផ្នែកមួយ នៃសម្ព័ន្ធភាព OPEC+ នៃប្រទេសនាំចេញប្រេង បានយល់ព្រមលើការជំរុញ តិចតួចនៃផលិតកម្មប្រេង ដោយលើកឡើងពី ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលមានស្ថិរភាព។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមនេះបាននិយាយបន្ទាប់ ពីកិច្ចប្រជុំតាមអនឡាញ កាលពីថ្ងៃអាទិត្យថា ខ្លួននឹងបង្កើនផលិតកម្មប្រេងចំនួន ១៣៧.០០០ បារ៉ែលក្នុងមួយថ្ងៃ ក្នុងខែវិច្ឆិកា ដែលជាចំនួនដូចគ្នា ដែលវាបានប្រកាស សម្រាប់ខែតុលា ។ ក្រុមនេះបាននិង កំពុងបង្កើនទិន្នផល បន្តិចបន្តួចនៅក្នុងការជំរុញ ជាបន្តបន្ទាប់ពេញមួយឆ្នាំ បន្ទាប់ពីបានប្រកាស ពីការកាត់បន្ថយនៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយ ក្រុមប្រទេសដែលជាផ្នែកមួយ នៃសម្ព័ន្ធភាព OPEC បាននិយាយថា ការផ្លាស់ប្តូរនេះគឺ ដោយសារតែ “ទស្សនវិស័យ សេដ្ឋកិច្ចសកល ដែលមានស្ថិរភាព និងមូលដ្ឋានគ្រឹះទីផ្សារ ដែលមានសុខភាពល្អ នាពេលបច្ចុប្បន្ន” ។ វាបានបន្ថែមថា ការកែសម្រួលផលិតកម្ម អាចត្រូវបានផ្អាក ឬត្រឡប់វិញ នៅពេលដែលលក្ខខណ្ឌទីផ្សារមានការវិវត្ត។
ប្រទេសអារ៉ាប៊ីសាអូឌីត ទទួលឥទ្ធិពលយ៉ាងសំខាន់នៅក្នុង OPEC+ ក្នុងនាមជាសមាជិកលេចធ្លោនៃក្រុមអ្នកផលិត OPEC ហើយរុស្ស៊ីគឺជាសមាជិកមិនមែន OPEC ឈានមុខគេនៅក្នុងសម្ព័ន្ធភាព ២២ ប្រទេស។
រួមជាមួយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ក្រុមដែលបានជួបគ្នា កាលពីថ្ងៃអាទិត្យនោះ ក៏មានប្រទេសអ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងប្រទេសអូម៉ង់ ផងដែរ ។ កិច្ចប្រជុំបន្ទាប់របស់ពួកគេត្រូវ បានកំណត់សម្រាប់ថ្ងៃទី ២ ខែវិច្ឆិកា ។
ប្រែសម្រួលៈ ណៃ តុលា
