ហុងគ្រី ថ្កោលទោសថវិកាអឺរ៉ុបឆ្នាំ ២០២៨-២០៣៤ ថាជាថវិការបស់អ៊ុយក្រែន
BUDAPEST៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានរិះគន់សហភាពអឺរ៉ុប ដែលបានស្នើឡើងនូវក្របខណ្ឌថវិការយៈពេល ៧ឆ្នាំ សម្រាប់ឆ្នាំ ២០២៨-២០៣៤ ដោយហៅវាថាជា “ថវិកាអ៊ុយក្រែន” និងព្រមានថា ប្រាក់របស់អ្នកជាប់ពន្ធអឺរ៉ុប នឹងត្រូវចំណាយនៅអ៊ុយក្រែន ជំនួសឱ្យការពង្រឹងសេដ្ឋកិច្ចរបស់អឺរ៉ុប។
ថ្លែងទៅកាន់វិទ្យុ Kossuth Radio លោក Szijjarto បានឧ្យដឹងថា មេដឹកនាំសហភាពអឺរ៉ុប គ្រោងនឹងបែងចែកប្រាក់របស់ពលរដ្ឋ ដើម្បីបំពាក់អាវុធ និងបំពាក់ដល់កងទ័ពអ៊ុយក្រែន និងទ្រទ្រង់រដ្ឋអ៊ុយក្រែន។
លោកបានលេីកឡេីងថា “រដ្ឋាភិបាលហុងគ្រីនឹងមិនអនុញ្ញាតឱ្យពលរដ្ឋហុងគ្រី បង់ថ្លៃកាន់តែខ្ពស់សម្រាប់សង្គ្រាមនៅអ៊ុយក្រែនទេ” នេះបៀយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។
លោក Szijjarto បានពណ៌នាអំពីអ្វីដែលលោកហៅថា “វិកលចរិតនៃសង្រ្គាមដ៏ឃោរឃៅ” ក្នុងចំណោមមេដឹកនាំនយោបាយអ៊ឺរ៉ុប ដោយរិះគន់ការរីកលូតលាស់នៃផ្នត់គំនិត តម្រង់ទិសសង្រ្គាមរយៈពេលវែងនៅទីក្រុងព្រុចសែល និងទូទាំងអឺរ៉ុបខាងលិច។
លោកបានបន្ដថា សេដ្ឋកិច្ចអឺរ៉ុប ប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ ហើយបានប្រកែកថាមូលនិធិរបស់សហភាពអឺរ៉ុប គួរត្រូវបានប្រើ ដើម្បីស្ដារភាពប្រកួតប្រជែងជាជាងផ្តល់ហិរញ្ញវត្ថុដល់អ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
