ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេស​អារ៉ាប់ និង​មូស្លីមចំនួន៨​ ​ស្វាគមន៍​ការ​ឆ្លើយ​តប​របស់​ក្រុម​ហាម៉ាស់​ ចំពោះ​ផែនការ​បទ​ឈប់​បាញ់​ហ្គាហ្សា​ របស់​លោក ត្រាំ

គែរ៖ ប្រទេសអេហ្ស៊ីប ហ្ស៊កដានី អារ៉ាប់រួម ឥណ្ឌូណេស៊ី ប៉ាគីស្ថាន តួកគី​ អារ៉ាប៊ីសាអូឌីត និងកាតា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្វាគមន៍​ ចំពោះជំហានរបស់ក្រុមហាម៉ាស់​ ឆ្ពោះទៅរកផែនការបទឈប់បាញ់ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាមសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៨​ បានស្វាគមន៍ “ជំហានដែលធ្វើឡើងដោយក្រុមហាម៉ាស ទាក់ទងនឹងសំណើរបស់លោក ត្រាំ ក្នុងការបញ្ចប់សង្រ្គាមនៅហ្គាហ្សា ដោះលែងចំណាប់ខ្មាំងទាំងអស់ នៅរស់ ឬស្លាប់ និងការចាប់ផ្តើមការចរចាជាបន្ទាន់លើយន្តការអនុវត្ត”។

ពួកគេបានសរសើរបន្ថែមលើការប្រកាសរបស់ហាម៉ាស់អំពី “ការត្រៀមខ្លួនរបស់ខ្លួនក្នុងការប្រគល់ការគ្រប់គ្រងតំបន់ហ្គាហ្សា​ ទៅឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាលប៉ាឡេស្ទីន​ នៃអ្នកបច្ចេកទេសឯករាជ្យ” ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការចាប់ផ្តើមការចរចាជាបន្ទាន់​ ដើម្បីយល់ព្រមលើយន្តការដើម្បីអនុវត្តសំណើ និងដោះស្រាយគ្រប់ទិដ្ឋភាពរបស់វា។

រដ្ឋមន្ត្រីការបរទេសក៏បានស្វាគមន៍ការអំពាវនាវរបស់លោក ត្រាំ លើអ៊ីស្រាអែលឱ្យ “បញ្ឈប់ជាបន្ទាន់នូវការទម្លាក់គ្រាប់បែក និងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរ” ដោយសម្តែងការកោតសរសើរ​ ចំពោះការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបង្កើតសន្តិភាពនៅក្នុងតំបន់។

រដ្ឋមន្ត្រីបានអះអាងថា ការវិវត្តន៍ទាំងនេះតំណាងឱ្យ “ឱកាសពិតប្រាកដមួយ​ ដើម្បីសម្រេចបានបទឈប់បាញ់ដ៏ទូលំទូលាយ និងប្រកបដោយនិរន្តរភាព និងដើម្បីដោះស្រាយលក្ខខណ្ឌមនុស្សធម៌ដ៏សំខាន់​ ដែលកំពុងប្រឈមមុខនឹងប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top