អ៊ីស្រាអែល បង្កើនការវាយប្រហារលើតំបន់ហ្គាហ្សា ខណៈពលរដ្ឋហ្គាហ្សា ប្រារព្ធខួប ២ឆ្នាំនៃការផ្ទុះសង្គ្រាម
 
																						
											
											
											ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាស និងកាំភ្លើងធំនៅទូទាំងតំបន់ជាច្រើននៃតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ ស្របពេល នឹងខួបលើកទី ២ នៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភព និងសាក្សីក្នុងតំបន់បានប្រាប់កាសែតស៊ីនហួថា យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានកំណត់គោលដៅផ្ទះសម្បែង និងអាផាតមិន នៅក្នុងតំបន់ផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសសង្កាត់ Sabra និង Tal al-Hawa ភាគខាងត្បូងនៃទីក្រុងហ្គាហ្សា ជំរុំជនភៀសខ្លួន Shati ភាគខាងលិចទីក្រុង Khan Younis ដែលជាតំបន់ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា។
គ្រាប់កាំភ្លើងធំអ៊ីស្រាអែល ក៏បានបាញ់ផ្លោងអគារផ្ទះល្វែងមួយកន្លែងនៅក្នុងសង្កាត់ al-Rimal កណ្តាលទីក្រុងហ្គាហ្សា និងតំបន់នានាក្នុងសង្កាត់ al-Zeitoun, al-Sabra, Tal al-Hawa, Shuja’iyya និង al-Tuffah ។ យោងតាមប្រភពព័ត៌មាន និងសាក្សី បានឲ្យដឹងថា រថយន្តយោធាផ្ទុកសារធាតុផ្ទុះ ត្រូវបានបំផ្ទុះនៅជិតតំបន់លំនៅដ្ឋាន។
លោក Mahmoud Basal អ្នកនាំពាក្យអាជ្ញាធរ ការពារជនស៊ីវិលនៅហ្គាហ្សា បានឲ្យដឹងថា ការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំលើតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសទីក្រុងហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។
អ្នកស្រុកហ្គាហ្សា បានរាយការណ៍ពីការប៉ះទង្គិចគ្នា រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងកងកម្លាំងទាហានអ៊ីស្រាអែល នៅភាគខាងកើតនៃ ទីក្រុង Khan Younis ចំពេលមានការបាញ់ប្រហារ ពីឧទ្ធម្ភាគចក្រ ដែលកំពុងហោះហើរ ក្នុងរយៈកម្ពស់ទាប។
វិទ្យុអ៊ីស្រាអែលបានរាយការណ៍ថា ពួកសកម្មប្រយុទ្ធហាម៉ាស់ បានវាយប្រហារទីតាំង កងទ័ពអ៊ីស្រាអែល និងបានអនុវត្តការវាយប្រហារ ដោយកាំភ្លើងត្បាល់ និងកាំជ្រួចប្រឆាំងរថក្រោះ ដោយបានសម្លាប់ទាហាន យ៉ាងហោចណាស់ម្នាក់ និងរបួស ៥នាក់ផ្សេងទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									