លោក ដូណាល់ ត្រាំ ៖ បុគ្គលិកសហព័ន្ធ ដែលត្រូវបានដកចេញខ្លះ ទំនងជាមិនទទួលបានប្រាក់ខែវិញទេ នៅពេលរដ្ឋាភិបាលបើកឡើងវិញ
 
																						
											
											
											វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា បុគ្គលិកសហព័ន្ធមួយចំនួន ប្រហែលជាមិនទទួល បានប្រាក់ឈ្នួល ត្រឡប់មកវិញទេ នៅពេលដែលរដ្ឋាភិបាល បើកដំណើរការឡើងវិញ បន្ទាប់ពីការគម្រាមកំហែងពីមុន ក្នុងការបញ្ឈប់បុគ្គលិក សហព័ន្ធអំឡុងពេលបិទទ្វារ ។
លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅការិយាល័យ Oval របស់សេតវិមានថា “ខ្ញុំនឹងនិយាយថា វាអាស្រ័យលើអ្នកណា ដែលយើងកំពុងនិយាយអំពី។ ខ្ញុំអាចប្រាប់អ្នកពីរឿងនេះ គណបក្សប្រជាធិបតេយ្យ បានធ្វើឱ្យមនុស្សជាច្រើនមានហានិភ័យ និងគ្រោះថ្នាក់ ប៉ុន្តែវាពិតជាអាស្រ័យលើអ្នក ដែលអ្នកកំពុងនិយាយ” ។
លោក ត្រាំ បានលើកឡើងថា “ប៉ុន្តែភាគច្រើន យើងនឹងថែរក្សា ប្រជាជនរបស់យើង។ មានមនុស្សមួយចំនួន ដែលពិតជាមិនសមនឹង ទទួលបានការយកចិត្តទុកដាក់ ហើយយើងនឹង ថែរក្សាពួកគេតាមរបៀបផ្សេង” ។ ប្រធានាធិបតីអាមេរិករូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតថា តើបុគ្គលិកសហព័ន្ធដែលត្រូវបានដក ចេញអាចនឹងមិន ទទួលបានប្រាក់ឈ្នួលវិញទេ។
នៅព្រឹកថ្ងៃដដែលគេហទំព័រ Axios បានរាយការណ៍ថា បុគ្គលិកសហព័ន្ធដែលត្រូវបាន លុបចោលមិនត្រូវបានធានា សំណងសម្រាប់ការ ឈប់សម្រាក ដោយបង្ខំ របស់ពួកគេក្នុងអំឡុងពេលបិទរដ្ឋាភិបាលនោះទេ ដោយលើកឡើងពីសេចក្តី ព្រាងអនុស្សរណៈរបស់សេតវិមាន ។ នៅពេលដែល លោក ត្រាំ បន្តស្តីបន្ទោសគណបក្សប្រជាធិបតេយ្យ ចំពោះការជាប់គាំងនៃការបិទរដ្ឋាភិបាលនោះ មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានស្តីបន្ទោសគណបក្ស សាធារណរដ្ឋវិញដូចគ្នា។
មេដឹកនាំសំឡេងភាគតិចនៃព្រឹទ្ធសភា អាមេរិកលោក Chuck Schumer បានឲ្យដឹង នៅលើបណ្ដាញសង្គម X របស់លោកថា បន្ទាប់ពីការបិទរដ្ឋាភិបាល មុនដែលមានរយៈពេល ៣៥ ថ្ងៃ និងបានបញ្ចប់ក្នុងខែមករា ឆ្នាំ ២០១៩ លោក ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ ដែលធានា នូវប្រាក់សំណង សម្រាប់បុគ្គលិកសហព័ន្ធ ដែលរងផលប៉ះពាល់ ដោយការបិទ នាពេលអនាគត ។ មុនពេលច្បាប់នេះត្រូវបានអនុម័ត សភាសហរដ្ឋអាមេរិក បានអនុម័តជាទៀងទាត់ នូវប្រាក់សំណង សម្រាប់កម្មករសហព័ន្ធនៅពេល ដែលច្បាប់ល់មូលនិធិ ត្រូវបានអនុម័ត ដើម្បីបើករដ្ឋាភិបាលឡើងវិញ៕
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									