ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការអះអាងដោយគ្មានមូលដ្ឋាន ដោយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងសហភាពអឺរ៉ុប

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei  បានច្រានចោលការអះអាងបែប “រំខាន និងគ្មានមូលដ្ឋាន” ដែលធ្វើឡើងថ្មីៗនេះ ដោយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងសហភាពអឺរ៉ុប អំពីប្រទេសអ៊ីរ៉ង់ រួមទាំងកម្មវិធីនុយក្លេអ៊ែរ និងសកម្មភាពការពារជាតិរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ លោក Baghaei បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងច្រានចោល “ការជ្រៀតជ្រែកហួសហេតុ” នៅក្នុងកម្មវិធីការពារជាតិ និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានព្រមានអំពី “អន្តរាគមន៍បំផ្លិចបំផ្លាញ និងការបែកបាក់” របស់រដ្ឋអឺរ៉ុបមួយចំនួននៅក្នុងកិច្ចការតំបន់អាស៊ីខាងលិច។

លោក Baghaei បានធ្វើការកត់សម្គាល់នេះ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ នៅចុងបញ្ចប់នៃកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ និងថ្នាក់រដ្ឋមន្ត្រីលើកទី ២៩ រវាង GCC និងសហភាអឺរ៉ុប នៅប្រទេសគុយវ៉ែត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិហួ។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេស GCC និងសហភាពអឺរ៉ុប បានអំពាវនាវឱ្យអ៊ីរ៉ង់បន្តការបន្ធូរបន្ថយក្នុងតំបន់ ធានានូវធម្មជាតិសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងបញ្ឈប់ការរីកសាយនៃមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាណាមួយដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

លោកបានលើកឡើងថា “ការជ្រៀតជ្រែកដោយមិនសមហេតុផល” របស់សហភាពអឺរ៉ុប នៅក្នុងកិច្ចការក្នុងតំបន់នឹងមិនរួមចំណែកណាមួយដល់ការដោះស្រាយជម្លោះ និងបញ្ហាក្នុងតំបន់នោះទេ ប៉ុន្តែបានបង្ហាញពីគោលនយោបាយ “លាក់ពុត និងបែកបាក់” របស់ខ្លួនចំពោះអ៊ីរ៉ង់ និងតំបន់ទាំងមូល។

លោកបានអំពាវនាវឱ្យសមាជិក GCC បដិសេធពីការរៀបចំមូលដ្ឋាន សម្រាប់ការជ្រៀតជ្រែកបែប “បំផ្លិចបំផ្លាញ” របស់ភាគីទីបីនៅក្នុងតំបន់ ប៉ុន្តែផ្តោតលើការពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក និងការលើកកម្ពស់មិត្តភាពក្នុងចំណោមប្រទេសក្នុងតំបន់ និងប្រឆាំងនឹងអ៊ីស្រាអែល ដែលលោកបានពិពណ៌នាថាជា “ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាព” នៅអាស៊ីខាងលិច៕

ប្រែសម្រួល ឈូក បូរ៉ា

To Top