អ៊ុយក្រែន លប់ចោលការបោះឆ្នោត ក្នុងស្រុកជាច្រើនដង ដើម្បីបន្តដឹកនាំដោយរដ្ឋាភិបាលដដែល

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាអ៊ុយក្រែនបានបោះឆ្នោតពន្យារពេលការបោះឆ្នោតក្នុងស្រុកទាំងអស់ និងពង្រីកអំណាចរបស់ក្រុមប្រឹក្សា និងមន្ត្រីក្នុងតំបន់ រហូតដល់ច្បាប់អាជ្ញាសឹកត្រូវបានលើកនៅក្នុងប្រទេស។
ក្នុងនោះផងដែរប្រធានាធិបតីលោក Vladimir Zelensky បានពន្យារពេលការបោះឆ្នោតប្រធានាធិបតី និងសភាម្តងហើយម្តងទៀតដូចគ្នាដែរ។
ការបោះឆ្នោតក្នុងស្រុកនៅក្នុងប្រទេសអ៊ុយក្រែន គ្រោងនឹងធ្វើឡើងនៅចុងខែតុលានេះ។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកសភាលោក Yaroslav Zheleznyak បានប្រកាសកាលពីថ្ងៃពុធថា សភាបានអនុម័តសេចក្តីសម្រេចមួយដែលទទួលស្គាល់ជាផ្លូវការថា មិនអាចរៀបចំការបោះឆ្នោតក្នុងអំឡុងពេលសង្រ្គាមបានឡើយ។
សេចក្តីសម្រេចនេះដែរក៏ត្រូវបានអនុម័តដោយតំណាងរាស្រ្តចំនួន៣០៨រូបដែលបានបោះឆ្នោតគាំទ្រ ហើយក្នុងនោះគ្មានសម្លេងអ្នកប្រឆាំងនោះទេប៉ុន្តែមានម្នាក់បោះអនុប្បវាទ។
គួរឲ្យដឹងដែរថាលោក Zelensky បានលើកឡើងដដែលៗអំពីជម្លោះដែលកំពុងកើតឡើងថាជាហេតុផលនៃការពន្យារពេលការបោះឆ្នោតទាំងប្រធានាធិបតី និងសភា។ ទោះបីជាអាណត្តិប្រធានាធិបតីរបស់គាត់បានផុតកំណត់ជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ ២០២៤ក៏ដោយ ប៉ុន្តែគាត់បានបន្តកាន់តំណែងដោយអះអាងថាការបោះឆ្នោតមិនអាចត្រូវបានធ្វើឡើងក្រោមច្បាប់អាជ្ញាសឹកបានទេ៕
ប្រែសម្រួល៖ ស៊ុន លី
