UN នឹងចាប់ផ្តើម កាត់បន្ថយកងកម្លាំង រក្សាសន្តិភាព និងប្រតិបត្តិការរបស់ខ្លួន ដោយបង្ខំឱ្យទាហាន ប្រហែល ១៤.០០០នាក់ ត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ

បរទេស ៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយថា អង្គការសហប្រជាជាតិ នឹងចាប់ផ្តើមកាត់បន្ថយ កងកម្លាំងរក្សាសន្តិភាព និងប្រតិបត្តិការរបស់ខ្លួន ដោយបង្ខំឱ្យទាហានរាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីជម្លៀស ចេញពីចំណុចក្តៅជុំវិញពិភពលោក ដែលជាលទ្ធផល នៃការកាត់បន្ថយថវិកាចុងក្រោយបំផុត របស់សហរដ្ឋអាមេរិក ដល់ស្ថាប័នពិភពលោកមួយនេះ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ដែលបាននិយាយ ក្នុងលក្ខខណ្ឌមិន បញ្ចេញឈ្មោះ ដើម្បីពិភាក្សាពីកិច្ចប្រជុំឯកជនមួយ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ អំពីការកាត់បន្ថយ 25% នៃកងរក្សាសន្តិភាព ទូទាំងពិភពលោក ខណៈដែលសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុត របស់អង្គការសហប្រជាជាតិ ធ្វើការផ្លាស់ប្តូរ ដើម្បីឱ្យស្របតាមចក្ខុវិស័យ “America First” របស់ប្រធានាធិបតី Donald Trump។
បុគ្គលិកយោធា និងប៉ូលីស ប្រហែល ១៣.០០០នាក់ ទៅ ១៤.០០០ នាក់ក្នុងចំណោមកងរក្សាសន្តិភាពជាង ៥០.០០០នាក់ ដែលត្រូវបានដាក់ពង្រាយ នៅទូទាំងបេសកកម្មចំនួនប្រាំបួន នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសកំណើត របស់ពួកគេវិញ ។ ការិយាល័យគាំទ្ររបស់អង្គការ សហប្រជាជាតិ នៅក្នុងប្រទេសសូម៉ាលី ក៏នឹងរងផលប៉ះពាល់ផងដែរ។ អង្គការសហប្រជាជាតិ ក៏គ្រោងនឹងកាត់បន្ថយថវិកា របស់កងកម្លាំងរក្សាសន្តិភាពប្រមាណ ១៥% សម្រាប់ឆ្នាំនេះផងដែរ ។
ប្រទេសដែលអង្គការសហប្រជាជាតិ មានបេសកកម្មរក្សាសន្តិភាពរួមមាន កុងហ្គោ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង លីបង់ ស៊ីប និងកូសូវ៉ូ៕
