ព័ត៌មានអន្តរជាតិ

លោក Xi Jinping ផ្ញើសារលិខិត ជូនលោក Kim Jong-un អគ្គលេខាធិការមជ្ឈិមបក្ស ពលករកូរ៉េខាងជើង ដើម្បីអបអរសាទរខួបទី៨០ នៃការបង្កើតបក្ស ពលករកូរ៉េខាងជើង

ថ្ងៃទី១០ ខែ តុលា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានផ្ញើសារលិខិតជូនលោក Kim Jong-un អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស ពលករកូរ៉េខាងជើង ដើម្បីអបអរសាទរខួបទី៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង ។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ខណៈពេលខួបទី៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង ខ្ញុំសូមតាងនាមគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងការជូនពរដ៏ល្អបវរ ជូនចំពោះសមមិត្តអគ្គលេខាធិការបក្ស គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង សមាជិកបក្សពលករកូរ៉េខាងជើង និងប្រជាជនកូរ៉េខាងជើងគ្រប់រូប ។

លោក Xi Jinping បានថ្លែងទៀតថា ៨០ឆ្នាំកន្លងមក បក្សពលករកូរ៉េខាងជើង បានដឹកនាំនិងសាមគ្គីប្រជាជនកូរ៉េខាងជើង ធ្វើកិច្ចខិតខំប្រឹងប្រែង ពុះពារឧបសគ្គ ជំរុញឱ្យបុព្វហេតុសង្គមនិយម របស់កូរ៉េខាងជើង ឱ្យទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ សូមជូនពរបុព្វហេតុសង្គម និយមកូរ៉េខាងជើង ទទួលបានសមិទ្ធផលថ្មី ឥតឈប់ឈរ ក្រោមការដឹកនាំយ៉ាងមុតមាំ របស់បក្សពលករកូរ៉េខាងជើង ដែលមានសមមិត្តអគ្គលេខាធិការ បក្សជាប្រមុខស្នូល ព្រមទាំងបើកសមាជបក្សកូរ៉េខាងជើង លើកទី៩ ប្រកបដោយជោគជ័យ ។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា ប្រទេសទាំងពីរចិន និងកូរ៉េខាងជើង សុទ្ធតែជាប្រទេសសង្គមនិយម ។ មិនថាស្ថានការណ៍អន្តរជាតិ មានបម្រែបម្រួលយ៉ាងណាក្តី ក៏ការរក្សា ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងឱ្យបានល្អ ជាគោលណែនាំរបស់បក្ស និងរដ្ឋាភិបាលចិន ដែលមិនកែប្រែជានិច្ច ។ ប្រទេសចិនរីករាយរួមសហការ ជាមួយកូរ៉េខាងជើង បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ធ្វើឱ្យស៊ីជម្រៅនូវ កិច្ចសហប្រតិបតិ្តការជាក់ស្តែង ដើម្បីជំរុញទំនាក់ទំនង រវាងចិននិងកូរ៉េខាងជើង ឱ្យរីកចម្រើនទៅមុខឥតឈប់ឈរ ។ សូមជូនពរឱ្យមិត្តភាពចិន និងកូរ៉េខាងជើង ឋិតថេរជាអមតៈ !

To Top