លោក Vladimir Zelensky ថា អ៊ុយក្រែន នឹងតែងតាំងលោក Donald Trump សម្រាប់រង្វាន់ណូបែលសន្តិភាព ប្រសិនបើលោក នាំទៅរកបទឈប់បាញ់

បរទេស៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែនបានជំរុញឱ្យប្រធានាធិបតីអាមេរិកលោក Donald Trump ផ្តល់មីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ហើយបានបន្ថែមថា ប្រសិនបើជំហានបែបនេះនាំទៅរកបទឈប់បាញ់ នោះអ៊ុយក្រែន នឹងតែងតាំងលោក Donald Trump សម្រាប់រង្វាន់ណូបែលសន្តិភាព។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីខែមុន អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាបញ្ជូនឱ្យអ៊ុយក្រែននូវមីស៊ីល Tomahawks ដែលមានចម្ងាយបាញ់អតិបរមា ២.៥០០ គីឡូម៉ែត្រ មានន័យថា ទីក្រុងគៀវអាចប្រើប្រាស់មីស៊ីលនេះដើម្បីវាយប្រហារទីក្រុងមូស្គូ និងទីក្រុងជាច្រើនផ្សេងទៀតរបស់រុស្ស៊ី។
លោក Zelensky បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “ឥឡូវនេះ សញ្ញាដ៏សំខាន់មួយគឺការពង្រឹងអ៊ុយក្រែនតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ហើយនេះគឺជាឱកាសមួយក្នុងចំណោមឱកាសទាំងនោះដែលមានសារៈសំខាន់សម្រាប់ខ្ញុំ គឺមីស៊ីល- Tomahawks” ។ នេះបើយោងតាម RBC-Ukraine ។
លោក Zelensky បានបន្ថែមថា ប្រសិនបើលោក Trump អាចជួយនាំមកនូវបទឈប់បាញ់មួយ “គាត់គួរតែត្រូវបានគេតែងតាំងឱ្យទទួលបានរង្វាន់ណូបែលសន្តិភាព យើងនឹងតែងតាំងគាត់ក្នុងនាមអ៊ុយក្រែន” ។
លោកត្រូវបានគេលើកឡើងថា មីស៊ីលទាំងនោះអាច «ធ្វើឲ្យប្រជាជនរុស្ស៊ីស្ងាត់» និង«ធ្វើឲ្យពួកគេអង្គុយនៅតុចរចា»។ ទីក្រុងមូស្គូបានអះអាងថា ទីក្រុងគៀវដែលគាំទ្រដោយការគាំទ្រផ្នែកយោធាពីអឺរ៉ុបខាងលិច បាននាំឱ្យដំណើរការសន្តិភាពមានភាពជាប់គាំង៕
ប្រែសម្រួលៈ ណៃ តុលា
