ព័ត៌មានអន្តរជាតិ

លោក Putin អះអាងថារុស្សីនឹងបង្ហាញវត្តមាន អាវុធថ្មីមួយប្រភេទ ក្នុងពេលឆាប់ៗនេះ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ីនឹងធ្វើការប្រកាសនាពេលឆាប់ៗ ខាងមុខនេះ អំពីអាវុធថ្មី មួយដោយបន្ថែមថា ការសាកល្បងកន្លងមក បានដំណើរការយ៉ាងល្អរួចមកហើយ។

ថ្លែងកាលពីថ្ងៃសុក្រក្នុងសន្និសីទ សារព័ត៌មានក្នុងរដ្ឋធានី Dushanbe របស់ប្រទេសតាហ្ស៊ីគីស្ថាន លោក Putin បាននិយាយថា ៖ខ្ញុំគិតថាយើងនឹងមានឱកាសក្នុង ពេលអនាគតដ៏ខ្លីដើម្បីទម្លាយព័ត៌មានមួយចំនួន អំពីអាវុធថ្មីដែលយើងបានប្រកាស ជាយូរមកហើយ ។

ប្រធានាធិបតីរុស្ស៊ីបានបន្ថែមថាប្រព័ន្ធអាវុធនេះ កំពុងឆ្លងកាត់ការសាកល្បង ដែលកំពុងដំណើរការដោយជោគជ័យ ។

ទោះបីជាយ៉ាងណាក្តី នៅពេលត្រូវបានសួរអំពីលទ្ធភាព នៃការបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START ដែលដាក់បន្ទុកលើអាវុធវាយលុកយុទ្ធសាស្ត្ររបស់អាមេរិក និងរុស្ស៊ី ហើយនឹងផុតកំណត់ នៅថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៦ លោក Putin បានសម្តែងសុទិដ្ឋិនិយម ដោយនិយាយថានៅតែមាន ពេលវេលាគ្រប់គ្រាន់ដើម្បីបន្តកិច្ចព្រមព្រៀង ដរាបណាមានសុច្ឆន្ទៈ ពីខាងក្រុងវ៉ាស៊ីនតោន។

ក្នុងករណីណាក៏ដោយ រុស្ស៊ីមានអារម្មណ៍ថា មានសុវត្ថិភាពដោយសារសមត្ថភាព នៃការរារាំងនុយក្លេអ៊ែររបស់ខ្លួន និងការកែលម្អឥតឈប់ឈររបស់ខ្លួន ប្រធានាធិបតីបានសង្កត់ធ្ងន់ ដោយពណ៌នាអំពីកម្រិត នៃភាពទំនើបនៃឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះថា មិនមានអ្វីប្រៀបជាងកន្លែងផ្សេងទៀតក្នុងពិភពលោកឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top