ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីបារាំងថ្មីលោក Lecornu ប្រកាសឈ្មោះគណៈរដ្ឋមន្ត្រី

បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួបានឲ្យដឹងថានាយករដ្ឋមន្ត្រីបារាំងថ្មី លោក Sebastien Lecornu នៅល្ងាចថ្ងៃអាទិត្យ បានបង្ហាញជួររដ្ឋាភិបាលថ្មីរបស់គាត់ ដែលរួមមានរដ្ឋមន្ត្រីសរុបចំនួន ៣៤ នាក់។

ក្នុងនោះគេសង្កេតឃើញថាមានការតែងតាំងសំខាន់ៗរួមមានដូចជា Laurent Nunez ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Jean-Pierre Farandou ជារដ្ឋមន្ត្រីក្រសួងការងារ លោក Monique Barbut ជារដ្ឋមន្ត្រីនៃការផ្លាស់ប្តូរបរិស្ថាន លោក Edouard Geffray ជារដ្ឋមន្ត្រីក្រសួងអប់រំជាតិ និងលោកស្រី Catherine Vautrin ជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

ក្រៅពីនោះលោកRoland Lescure ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡើងវិញ។ លោក Jean-Noel Barrot នៅតែកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ខណៈដែលលោក Gerald Darmanin បានបន្តតំណែងរបស់គាត់នៅក្រសួងយុត្តិធម៌។

លោក Lecornu បានជួបជាមួយប្រធានាធិបតី Emmanuel Macron នៅវិមាន Elysee នៅពេលល្ងាចនេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ដោយលោកLecornu បានស្នើ ធ្វើការការលាយបញ្ចូលគ្នានៃឥស្សរជនសង្គមស៊ីវិលជាមួយនឹងបទពិសោធន៍ និងសមាជិកសភាវ័យក្មេង សម្រាប់កែសម្រួលលើកទី២នៃរដ្ឋាភិបាលរបស់គាត់។

គួរឲ្យដឹងដែរថាលោក Lecornu បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ តិចជាងមួយខែបន្ទាប់ពីការតែងតាំងដំបូងរបស់គាត់ និងមួយថ្ងៃបន្ទាប់ពីការប្រកាសផ្នែកនៃគណៈរដ្ឋមន្ត្រីដំបូងរបស់គាត់។ លោក​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ជាថ្មីឡើងវិញ​នៅ​ថ្ងៃ​សុក្រ​ចំពេល​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ៕

ប្រែសម្រួល៖​ ស៊ុនលី

To Top