អ៊ីរ៉ង់ប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការទាំងឡាយ ជាមួយនឹងក្រុមឃ្លាំមើលអន្តរជាតិលើកិច្ចការងារថាមពលអាតូមិក

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីរ៉ង់បានប្រកាសផ្អាកការអនុវត្តរាល់កិច្ចព្រមព្រៀងទីក្រុង Cairo ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។
រដ្ឋមន្ត្រីការបរទេស Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការមិនត្រូវបានកាត់ផ្តាច់ទាំងស្រុងនោះទេ ប៉ុន្តែជា ការផ្អាកជាបណ្តោះអាសន្នប៉ុណ្ណោះ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែកញ្ញានឹងអនុញ្ញាតឱ្យអង្គការអាចបន្តការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីទីក្រុងតេហរ៉ង់បានផ្អាកពួកគេបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកកាលពីខែមិថុនា។
គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងនេះបានបាត់បង់ភាពចាំបាច់របស់ខ្លួនភ្លាមៗបន្ទាប់ពីនោះ នៅពេលដែលចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលជាប្រទេសហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានបង្កឱ្យមានការវិលត្រឡប់នៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើទីក្រុងតេហរ៉ង់៕
ប្រែសម្រួល៖ ស៊ុនលី
