ព័ត៌មានអន្តរជាតិ

តើប្រទេសចិន បានដើរតួនាទីអ្វីខ្លះ ក្នុងកិច្ចអភិវឌ្ឍន៍ស្ត្រី របស់ពិភពលោក ?

សុភាសិតចិនមួយឃ្លាពោលថា ៖ «ស្ត្រីអាចទ្រមេឃពាក់កណ្តាល» ដែលមានន័យថា ស្ត្រីអាចធ្វើអ្វីៗបានគ្រប់យ៉ាងដូចជាបុរសដែរ មិនថាការងារទូទៅ ឬបុព្វហេតុ នៃការកសាងនិងអភិវឌ្ឍន៍ជាតិ និងសង្គមនោះឡើយ ។ ប្រការនេះបានឆ្លុះបញ្ចាំងពីជ្រុងមួយ នៃការឱ្យតម្លៃចំពោះស្ត្រី និងការផ្តោតសំខាន់លើការ អភវឌ្ឍ និង សុខុមាលភាពរបស់ស្ត្រី ។ យ៉ាងណាមិញ បញ្ហាវិសមភាពយេនឌ័រ និងការរើសអើងនារីភេទ តែងតែកើតមាននៅគ្រប់ប្រទេស និងតំបន់ ដែលបានរារាំង ដល់ការអភិវឌ្ឍរបស់ស្ត្រីនិងក្មេងស្រី ។ វិញ្ញាសាសកលមួយនេះទាមទារឱ្យមានការចូលរួមដោះស្រាយ ពីគ្រប់ភាគី ដើម្បីមានចំណាត់ការរួម សម្រាប់ទប់ស្តាត់ការរើសអើងប្រឆាំង នឹងនារីភេទនិងលើកកម្ពស់សមភាពយេនឌ័រ ។

ក្នុងន័យនេះ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងទាំងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ដែលទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ ជាពិសេសក្នុងអំឡុងពេល ៣០ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីការបើកកិច្ចប្រជុំស្ត្រីពិភពលោកនៃអង្គការសហប្រជាជាតិនៅក្រុងប៉េកាំងក្នុងឆ្នាំ ១៩៩៥ មក ប្រទេសចិនបានធ្វើការជាមួយបណ្តាប្រទេសនានា ដើម្បីជំរុញការអភិវឌ្ឍរបស់ស្ត្រី និងក្មេងស្រីដោយគ្រប់ជ្រុងជ្រោយ ។

ក្នុងឆ្នាំ ២០១៥ ពេលថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រី នៅឯទីស្នាក់ការទូទៅអង្គការសហប្រជាជាតិ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រទេសចិននឹងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការអនុវត្តគម្រោង សុខភាពស្ត្រីនិងទារកចំនួន ១០០ គម្រោង និងគម្រោង«សាលារៀន រីករាយ»ចំនួន ១០០ គម្រោង ព្រមទាំងអញ្ជើញស្ត្រីមកពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៣ ម៉ឺននាក់ទៅចូលរួមវគ្គ បណ្តុះបណ្តាលនៅចិន ។

ការសន្យារបស់ប្រទេសចិន មិនមែននិយាយតែមាត់នោះទេ ក្នុងឆ្នាំ ២០១៥ ប្រទេសចិនបានសហការជាមួយអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ ដើម្បីបង្កើតពានរង្វាន់ផ្នែកអប់រំស្ត្រី និងក្មេងស្រី ដែលមកទល់បច្ចុប្បន្ន មានអង្គការនិងគម្រោងចំនួន ២០ ហើយដែលទទួលបានរង្វាន់នេះ ។ ក្មេងស្រីនៅប្រទេស តង់ហ្សានី ដែលទទួលបានជំនួយពីគម្រោងនេះមានលទ្ធភាពចូលរៀននៅសាលាវិញ , ក្រុមស្ត្រីទន់ខ្សោយនៅកូស្តារីកា ទទួលបានការ បណ្តុះបណ្តាលជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលធ្វើឱ្យពួកគេអាចមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតផ្អែកលើជំនាញរបស់ខ្លួន ។ល។
ក្រៅពីនេះ ប្រទេសចិន បានបណ្តាក់ទុនលើគម្រោងពាក់ព័ន្ធនឹងផលប្រយោជន៍ស្ត្រីលើសពី ៤០០ ប៊ីលានដុល្លារអាមេរិកនៅប្រទេសជាង ២០ , បើកវគ្គបណ្តុះបណ្តាលស្ត្រី និងក្មេងស្រីចំនួនជាង ១០០ លើកចំពោះសិក្ខាកាមមកពីប្រទេសសកលខាងត្បូង ដែលបានផ្តល់ឱកាសថ្មី ឱ្យពួកគេប្រកបអាជីព តាមជំនាញថ្មី ។ នៅប្រទេសអាហ្វ្រិកជាច្រើន បច្ចេកទេសដាំដុះស្មៅ «Juncao» ( ប្រភេទស្មៅម្យ៉ាង ដែលបង្កាត់ពូជដោយអ្នកជំនាញចិន អាចលូតបានខ្ពស់និងអាចបណ្តុះផ្សិតដែលអាចហូបបានឬផ្សិតឱសថ ដែលមានតម្លៃខាងសេដ្ឋកិច្ច ) ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។ បច្ចុប្បន្ន ការដាំដុះស្មៅ «Juncao» បានផ្តល់ឱកាសការងារ សម្រាប់ស្ត្រីនៅជាង ១០០ ប្រទេសនៅលើពិភពលោក ដែលត្រូវបានប្រទេសសកលខាងត្បូង ហៅថា«ស្មៅសុភមង្គល» ។

កត្តាដែលនាំឱ្យប្រទេសចិន អាចចូលរួមយ៉ាងសកម្ម និងជាក់ស្តែងក្នុងបុព្វហេតុអភិវឌ្ឍន៍ស្ត្រី និងក្មេងស្រីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ គឺដោយសារតែប្រទេសចិន បានបោះជំហានដ៏ធំក្នុងការអភិវឌ្ឍកិច្ចការស្ត្រីនិងក្មេងស្រី ។ នៅក្នុងប្រទេសចិន មានស្ត្រីជាង ៦៩០ លាននាក់បានចេញផុត ពីភាពក្រីក្រនិងកំពុងឆ្ពោះទៅរកជីវភាពធូរធារបង្គួរ , ក្នុងចំណោមនិស្សិត ដែលរៀននៅសាលាឧត្តមសិក្សាមានចំនួនលើសពីពាក់កណ្តាលជានិស្សិតស្រី , ក្នុងចំណោមអ្នកប្រកបការងារខាងបច្ចេកវិទ្យាមានបុគ្គលិកស្រីស្មើនឹង ៤៥.៨% , ក្នុងចំណោមអ្នកប្រកបអាជីពតាមអនឡាញមានស្ត្រីលើសពីពាក់កណ្តាល , អាយុរំពឹងរស់ជាមធ្យមរបស់ស្ត្រីលើសពី ៨០ ឆ្នាំ ។ល។ ប្រទេសចិនត្រូវបានអង្គការសុខភាពពិភពលោកដាក់បញ្ចូលក្នុងបញ្ជីឈ្មោះប្រទេសទាំង ១០ ដែលទទួលបានសមិទ្ធផលធំធេងបំផុតក្នុងកិច្ចអភិវឌ្ឍន៍ស្ត្រីនិងក្មេងស្រី ។

៣០ ឆ្នាំមុន កិច្ចប្រជុំស្ត្រីពិភពលោកបានបើកធ្វើនៅក្រុងប៉េកាំង ប្រទេសនានាបានលើកជាមតិយោបល់និងដាក់ចេញផែនការរៀងៗខ្លួន ក្នុងន័យជំរុញការអភិវឌ្ឍកិច្ចការស្ត្រី និងក្មេងស្រី ជាពិសេសគឺសមភាពយេនឌ័រ ។ ៣០ ក្រោយ ក្រោមការផ្តួចផ្តើមរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន កិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រី បានវិលចូលក្រុងប៉េកាំងម្តងទៀត ក្នុងបរិបទ ដែលពិភពលោកបាននិង កំពុងប្រឈមនឹងបម្រែបម្រួលនម្មាបនកម្មថ្មី ដ៏ស្មុគស្មាញ និងមានភាពរង្គោះរង្គើ ។ តើត្រូវធ្វើយ៉ាងណា ទើបអាចជំរុញកិច្ចការស្ត្រីឱ្យកាន់តែមាននិរន្តរភាព និងលើកកម្ពស់តួនាទីរបស់ស្ត្រី ក្នុងអភិបាលកិច្ចសកល គឺជាប្រធានបទសំខាន់ដែលត្រូវការប្រមូលផ្តុំពុទ្ធិរបស់តំណាងគ្រប់រូប ដើម្បីឈានដល់គំនិតឯកភាពរួមមួយដែលអាចអនុវត្តបាន ។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានលើកឡើងថា «វិសមភាពយេនឌ័រគឺជាកត្តារារាំងស្ត្រី និងក្មេងស្រីក្នុងការទទួលបានការអប់រំ ពេញលេញ ការរួមកម្លាំង ការងារ ការថែទាំសុខភាព សិទ្ធិក្នុងការ សម្រេចចិត្ត និងទទួលបានមុខតំណែងជាអ្នកដឹកនាំ ។ ដូច្នេះ ការលើកកម្ពស់សមភាព យេនឌ័រ គឺទាមទារឱ្យយើងស្ដាប់សំឡេង របស់ស្ត្រីនិងក្មេងស្រី ដើម្បីស្វែងយល់ឱ្យច្បាស់អំពីបញ្ហាប្រឈម ដែលពួកគេជួបប្រទះនៅក្នុងការសម្រេច បាននូវបំណងប្រាថ្នា និងសក្តានុពលរបស់ពួកគេ» ។
ការពិតជាក់ស្តែង បានសបញ្ជាក់ថា គំនិតចាស់គំរឹល ដែលតែង យល់ឃើញថា ស្ត្រីចាញ់បុរស ឬ «ស្ត្រីបង្វិលជើងក្រានមិនជុំ» គឺមិនអាចនាំមក នូវភាពរីកចម្រើន បានឡើយ ។ ការជំរុញនិងលើកកម្ពស់សមភាពយេនឌ័រ ជាកូនសោគន្លឹះសម្រាប់បើកទ្វារឆ្ពោះទៅរកសង្គម ដែលមានវិបុលភាព សមភាព និងការអភិវឌ្ឍ ដោយពិតប្រាកដ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top