ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីស្រាអែល រុះរើមជ្ឈមណ្ឌលជំនួយតំបន់ហ្គាហ្សា ដែលគាំទ្រដោយអាមេរិក បន្ទាប់ពីបទឈប់បាញ់

ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានរុះរើមជ្ឈមណ្ឌលចែកចាយជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលដំណើរការដោយអង្គការដែលគាំទ្រដោយសហរដ្ឋអាមេរិក បន្ទាប់ពីបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពដែលបានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការផ្លាស់ប្តូរគោលដៅដែលដំណើរការដោយមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលជាក្រុមមិនមែនរដ្ឋាភិបាលរបស់អាមេរិក ដែលបានបង្កើតឡើងនៅក្នុងខែឧសភា ជាមួយនឹងមូលនិធិរបស់សហរដ្ឋអាមេរិក និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់យោធាអ៊ីស្រាអែល ដើម្បីផ្តល់ជំនួយនៅក្នុងតំបន់ហ្គាហ្សា។

មូលនិធិនេះត្រូវបានបង្កើតឡើងជាជម្រើសមួយសម្រាប់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) និងអង្គការអន្តរជាតិផ្សេងទៀត ចំពេលមានការចោទប្រកាន់របស់អ៊ីស្រាអែលថា ក្រុមហាម៉ាស់ បានបង្វែរជំនួយសម្រាប់គោលបំណងយោធា។ ប្រភពបានឲ្យដឹងថា មជ្ឈមណ្ឌលសំខាន់ៗចំនួនបួនត្រូវបានបង្កើតឡើងនៅភាគកណ្តាល និងភាគខាងត្បូងហ្គាហ្សា ដែលហ៊ុំព័ទ្ធដោយលួសបន្លា និងយាមដោយបុគ្គលិកប្រដាប់អាវុធ។

មជ្ឈមណ្ឌលនានាបានទាញកំហឹងជាសាធារណៈក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ដែលបានពណ៌នាពួកគេថាគ្មានសុវត្ថិភាព បន្ទាប់ពីឧប្បត្តិហេតុម្តងហើយម្តងទៀតក្នុងអំឡុងពេលចែកចាយជំនួយ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស់ បានឲ្យដឹងថា មនុស្សជាង ២,៥០០ នាក់ត្រូវបានសម្លាប់ និងជាង ១៨,០០០ នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុហ្វូងមនុស្ស និងការបាញ់ប្រហារចាប់តាំងពីការចាប់ផ្តើមនៃមូលនិធិនេះ ហើយតួលេខមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ។

ប្រភពបានឲ្យដឹងទៀតថា ការរុះរើនេះបានធ្វើឡើងពេញមួយយប់ដោយគ្មានការជូនដំណឹងជាមុន រួមទាំងនៅកន្លែងក្បែរប៉ុស្តិ៍ត្រួតពិនិត្យ Netzarim របស់អ៊ីស្រាអែលផងដែរ។ យោធា និងរដ្ឋាភិបាលអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយនោះទេ ទោះបីជាវិទ្យុកងទ័ពអ៊ីស្រាអែលបានរាយការណ៍ថា “គម្រោងមជ្ឈមណ្ឌលចែកចាយជំនួយរបស់អាមេរិ កបានបញ្ចប់ដោយគ្មានការប្រកាសជាផ្លូវការក៏ដោយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top