ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសលោក Putin លើកឡើងថា សន្ទនា រវាងអាមេរិក និងរុស្សី នៅតែបន្តធ្វើឡើងនៅឡើយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Kirill Dmitriev បាននិយាយថា ទីក្រុងមូស្គូ និង ទីក្រុងវ៉ាស៊ីនតោន បន្តចូលរួម ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលសម្រេចបាននៅក្នុង កិច្ចប្រជុំកំពូល អាឡាស្កា បើទោះបីជាមានរបាយការណ៍មុននេះថា បេសកជនពិសេស របស់សហរដ្ឋអាមេរិក លោក Steve Witkoff បានបាត់បង់ឥទ្ធិពល របស់ខ្លួនជាមួយនឹង ប្រធានាធិបតី Donald Trump ក៏ដោយ ។

កិច្ចប្រជុំនៅអាឡាស្កាក្នុងខែសីហា គឺជាជំនួបទល់មុខគ្នា លើកដំបូងរវាងលោក Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាប់តាំងពីឆ្នាំ២០១៩ ។
ការពិភាក្សាផ្តោតលើការបញ្ចប់ ជម្លោះអ៊ុយក្រែន និងការស្តារទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ។ មេដឹកនាំ​ទាំងពីរ​បាន​ពណ៌នា​កិច្ចពិភាក្សា​នេះ ​ថា​មាន​ផលិតភាព​ ទោះបីជា​គ្មាន​ការ​ទម្លាយ​ លទ្ធផល​អ្វី​ក៏ដោយ​។

បន្ទាប់ពីកិច្ចប្រជុំកំពូល លោក Witkoff ដែលជាពាណិជ្ជករមានមូលដ្ឋាន នៅទីក្រុងញូវយ៉ក និងជាបេសកជនពិសេសរបស់ Trump សម្រាប់បេសកកម្មសន្តិភាព ក៏ដូចជាអ្នកចរចាដ៏សំខាន់ របស់គាត់ស្តីពីអ៊ុយក្រែន និងមជ្ឈិមបូព៌ា បានប្រឈមមុខនឹងការរិះគន់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ជុំវិញការខ្វះខាតបទពិសោធន៍ការទូត និងការខកខានក្នុងការ ធ្វើកិច្ចព្រមព្រៀង ។

សរសេរនៅលើបណ្តាញ Telegram របស់គាត់លោក Dmitriev ដែលបានចូលរួម ក្នុងការពិភាក្សា នៅអាឡាស្កាបាន ច្រានចោល របាយការណ៍ដែលថាជំហររបស់ Witkoff នៅវ៉ាស៊ីនតោនគឺបានចុះខ្សោយ។

ក្នុងនាមជាស្ថាបត្យករ និងអ្នកចរចានៅពីក្រោយផែនការ Gaza របស់ Trump ដែលរុស្ស៊ីគាំទ្រផងដែរលោក Witkoff រក្សា និងបានពង្រឹងតួនាទីសំខាន់របស់គាត់គួរឲ្យកត់សំគាល់នេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោក Dmitriev បាននិយាយបន្ទាប់ពីការចូលរួម របស់បេសកជន ក្នុងការស្វែងរកបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលរួមបញ្ចូលការផ្លាស់ប្តូរ ចំណាប់ខ្មាំងទ្រង់ទ្រាយធំផងនោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top