កិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្គាហ្សា ត្រូវបានចុះហត្ថលេខា ក្នុងកិច្ចប្រជុំកំពូល នៅក្រុង Sharm el-Sheikh របស់អេហ្ស៊ីប

គ៊ែរ៖ កិច្ចប្រជុំកំពូល ស្តីពីការបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សា បានចាប់ផ្តើមនៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប ដែលជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង បទឈប់បាញ់ដែល ទើបឈានដល់ថ្មីៗនេះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ដោយប្រមូលផ្តុំមេដឹកនាំមកពីជាង ២០ប្រទេស ក៏ដូចជាអង្គការ ក្នុងតំបន់ និងអន្តរជាតិ កិច្ចប្រជុំកំពូលនេះ ត្រូវបានដឹកនាំដោយប្រធានាធិបតី អេហ្ស៊ីប លោក Abdel Fattah al-Sisi និងសមភាគីអាមេរិកលោក ដូណាល់ ត្រាំ។
កិច្ចប្រជុំកំពូលនេះ បានពិភាក្សា អំពីការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំមកនូវ សន្តិភាព និងស្ថិរភាពដល់មជ្ឈិមបូព៌ា និងការឈានទៅដំណាក់កាលថ្មី នៃសន្តិសុខ និងស្ថិរភាពក្នុងតំបន់ នេះបើយោងតាមប្រធានាធិបតី អេហ្ស៊ីប ។
កិច្ចព្រមព្រៀង បទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចូលជាធរមាន នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការចរចា យ៉ាងស៊ីជម្រៅ រយៈពេលបីថ្ងៃនៅទីក្រុង Sharm el-Sheikh រវាងភាគីទាំងពីរ ដែលសម្របសម្រួល ដោយអេហ្ស៊ីប កាតា តួកគី និងសហរដ្ឋអាមេរិក។
ដំណាក់កាលដំបូងនៃផែនការ រួមមានការដកកងទ័ពអ៊ីស្រាអែល ចេញពីទីក្រុងហ្គាហ្សា ទីក្រុងរ៉ាហ្វា ទីក្រុងខាន់យូនីស និងតំបន់ភាគខាងជើង និងការបើកច្រកឆ្លងកាត់ចំនួន៥ សម្រាប់ការផ្តល់ជំនួយ និងការដោះដូរចំណាប់ខ្មាំង និងអ្នកទោស៕
