Politico ផ្សាយថា អាមេរិក កំពុងថ្លឹងថ្លែងផែនការ ដើម្បីធ្វើឃាតប្រធានាធិបតី វ៉េណេស៊ុយអេឡលោក Maduro

បរទេស៖ Politico បានរាយការណ៍ថា សហរដ្ឋអាមេរិកអាច ប៉ុនប៉ងធ្វើឃាតប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro បន្ទាប់ពីការប្រកាសថា គាត់ជាស្តេចគ្រឿងញៀន និងជាភេរវករ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលជាច្រើន សប្តាហ៍កន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោនបានធ្វើការវាយប្រហារ នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ប្រឆាំងនឹងអ្វីដែលគេហៅថា “ទូកដឹកគ្រឿងញៀន” ដោយបានសម្លាប់ មនុស្សអស់ជាច្រើននាក់ និងពង្រីកវត្តមានយោធា របស់ខ្លួននៅក្នុងតំបន់។ មន្ត្រីអាមេរិកបានចោទលោក Maduro ដែលជាប្រធានាធិបតី វ៉េណេស៊ុយអេឡាថា មានទំនាក់ទំនងជាមួយបណ្តាញគ្រឿងញៀន ប៉ុន្តែលោកបានច្រាន ចោលការចោទនេះ ។ វ៉េណេស៊ុអេឡាបានចោទ ក្រុងវ៉ាស៊ីនតោនថា បានព្យាយាមផ្តួលរំលំរដ្ឋាភិបាល របស់លោក Maduro ហើយក៏ត្រូវបានមន្ត្រី អាមេរិកបានបដិសេធចោលដូចគ្នា។
សារព័ត៌មាន Politico បានអះអាង នៅក្នុងអត្ថបទ មួយកាលពីថ្ងៃអាទិត្យថា ទោះបីជាមិនបាននិយាយ ជាសាធារណៈអំពីការ ផ្លាស់ប្តូររបបនៅក្នុងប្រទេស អាមេរិកឡាទីនដែលសម្បូរប្រេងមួយនេះក៏ដោយ ក៏ប្រធានាធិបតីអាមេរិកលោក Donald Trump ចង់បង្ខំមេដឹកនាំវេណេស៊ុយអេឡាចេញពីអំណាច ហើយគ្រោងនឹងប្រើប្រាស់សង្រ្គាមរបស់លោក លើក្រុមជួញដូរគ្រឿងញៀន ជាលេសដើម្បីធ្វើដូច្នេះ។
មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់មកពីរដ្ឋបាល Trump បានប្រាប់សារព័ត៌មានថា៖ «តើអ្នករាល់គ្នាចង់ឲ្យលោក Maduro ទៅដែរឬទេ?
មន្ត្រីរូបនេះបាននិយាយថា លោក Trump មាន “ផែនការជាច្រើន” ដែលអាច រកបានសម្រាប់គាត់ នៅពេលនិយាយ អំពីការធ្វើសកម្មភាព ប្រឆាំង នឹងប្រទេសវេណេហ្ស៊ុយអេឡា រួមទាំងការធ្វើវាយប្រហារ ពីលើអាកាសលើគោលដៅ ដែលពាក់ព័ន្ធនឹងក្រុមជួញដូរនៅក្នុងប្រទេស ។ ទោះជាយ៉ាងនេះក្តី ប្រធានាធិបតីអាមេរិក មិនទាន់ចេញបញ្ជា ដើម្បីកំណត់គោលដៅ លោក ម៉ាឌូរ៉ូ ដោយផ្ទាល់នៅឡើយទេ ។
