ព័ត៌មានអន្តរជាតិ

Breaking News៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ៖ លោក ត្រាំ នឹងចូលរួមពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ‘សន្តិភាព’ រវាងថៃ-កម្ពុជា

CNA

កូឡាឡាំពួរ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចូលរួមពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងសន្តិភាពរវាងថៃ និងកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល តំបន់អាស៊ីអាគ្នេយ៍ ដែលនឹងមកដល់នៅចុងខែតុលានេះ នេះបើតាមការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីនៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ។

បណ្តាញសារព័ត៌មាន CNA បានអោយចេញផ្សាយថា លោក ដូណាល់ត្រាំ “កំពុងទន្ទឹងរង់ចាំដើម្បីធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា” នេះបើតាមលោក មហាម៉ាត់ ហាសាន់ បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយនៅកូឡាឡាំពួរ។

នេះបើតាមលោក មហាម៉ាត់ បានអោយដឹងទៀតថា ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក នឹងជួយសម្របសម្រួលការឈប់បាញ់គ្នារវាងថៃ និងកម្ពុជា ដែលនឹងតម្រូវឱ្យភាគីទាំងសងខាង ដកគ្រាប់មីន និងអាវុធធុនធ្ងន់ទាំងអស់ ចេញពីព្រំដែនរបស់ពួកគេ ។

លោកបាននិយាយថា លោកសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តទៅ នៅរដ្ឋធានីកូឡាឡាំពួរ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែតុលា ។

លោក មហាម៉ាត់ បានថែ្លងថា “ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ យើងសង្ឃឹមថានឹងឃើញការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយដែលគេដឹងថាជា កិច្ចព្រមព្រៀងកូឡាឡាំពួរ រវាងប្រទេសជិតខាងទាំងពីរ(កម្ពុជា-ថៃ)នេះ ដើម្បីធានាសន្តិភាព និងការឈប់បាញ់គ្នាយូរអង្វែង”។

ភាពតានតឹងរវាង កម្ពុជា និង ថៃ លើចំណុចព្រំដែន ដែលមិនទាន់កំណត់ត្រឹមត្រូវ តាមបណ្តោយព្រំដែនគោកប្រវែង៨១៧គីឡូម៉ែត្រ បានផ្ទុះឡើងជាជម្លោះស្លាប់រស់រយៈពេល៥ថ្ងៃនៅខែកក្កដា ។

ការប្រយុទ្ធគ្នាដ៏អាក្រក់បំផុត រវាងប្រទេសទាំងពីរក្នុងរយៈពេលជាងមួយទសវត្សរ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់៤៨នាក់ និងធ្វើឱ្យប្រជាជនរាប់សែននាក់ ត្រូវផ្លាស់ទីលំនៅជាបណ្តោះអាសន្ននៅភាគីទាំងសងខាង ។

ប្រែសម្រួលដោយ៖ សយ រិទ្ធី

To Top