ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បញ្ជាក់ថា​ ការទាមទាររបស់ប្រទេស ​E3 ក្នុងការស្វែងរកការចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ខ្វះសុច្ឆន្ទៈ

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា ការទាមទារនាពេលថ្មីៗនេះដោយបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលហៅថា E3 អំពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការចាប់ផ្តើមការចរចានុយក្លេអ៊ែរឡើងវិញជាមួយប្រទេសអ៊ីរ៉ង់ ខ្វះ “សុច្ឆន្ទៈ និងភាពស្មោះត្រង់” ។

លោក​ Baghaei បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលដែលប្រតិកម្មទៅនឹងផ្នែក នៃសេចក្តីថ្លែងការណ៍រួមដែលចេញដោយមេដឹកនាំ E3 កាលពីថ្ងៃសុក្រ។

មេដឹកនាំអ៊ឺរ៉ុប​ បានពិពណ៌នាការសម្រេចចិត្ត របស់ប្រទេសរបស់ពួកគេក្នុងការបង្កឱ្យមានយន្តការ “ខ្ទាស់” នៅក្នុងខែសីហា ដែលបានដាក់ទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិឡើងវិញលើអ៊ីរ៉ង់ថា​ ជាចលនា “ត្រឹមត្រូវ” ។

មេដឹកនាំអឺរ៉ុបក៏បានសម្តែងការប្តេជ្ញាចិត្តដើម្បី “ចាប់ផ្តើមការចរចាឡើងវិញជាមួយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយ ប្រើប្រាស់បានយូរ និងអាចផ្ទៀងផ្ទាត់បាន ដែលធានាថា អ៊ីរ៉ង់​ នឹងមិនទទួលបានអាវុធនុយក្លេអ៊ែរ” ។

លោក Baghaei បានបន្ដថា ប្រទេសអ៊ីរ៉ង់ជឿជាក់លើសេចក្តីថ្លែងការណ៍របស់ E3 “រួមបញ្ចូលទាំងការស្នើរសុំជាលក្ខណៈធម្មតា ដែលមួយចំនួនមិនពាក់ព័ន្ធ និងខ្លះទៀតខ្វះសុច្ឆន្ទៈ និងភាពស្មោះត្រង់”។

លោកបានបន្ថែមថា E3 បានអះអាងថានឹងអនុគ្រោះដល់ការទូត ខណៈពេល​ដែលពួកគេបានធ្វើឱ្យដំណើរការការទូត ឈានដល់ការជាប់គាំងដោយ “បំពាន” យន្តការដោះស្រាយជម្លោះ នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top