ចិនអះអាងថា បានត្រៀមខ្លួនជានិច្ចដើម្បី “ប្រយុទ្ធរហូតដល់ទីបញ្ចប់” នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក

បរទេស៖ ប្រទេសចិនបាននិយាយថា ខ្លួនត្រៀមខ្លួនដើម្បី “ប្រយុទ្ធរហូតដល់ទីបញ្ចប់” នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មីនូវជំហរមិនចុះសម្រុងចំពោះការគំរាមកំហែងពន្ធពីទីក្រុងវ៉ាស៊ីនតោន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសផែនការដាក់ពន្ធបន្ថែម 100% លើការនាំចូលរបស់ចិនទាំងអស់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងការដាក់ការគ្រប់គ្រងការនាំចេញរបស់ទីក្រុងប៉េកាំងលើរ៉ែកម្រដែលប្រើប្រាស់ក្នុងឧស្សាហកម្មអាវុធ។ ប្រធានាធិបតីអាមេរិកក៏បានបង្ហាញសញ្ញាអំពីការគ្រប់គ្រងការនាំចេញកាន់តែតឹងរ៉ឹងលើកម្មវិធីសំខាន់ដែលប្រើក្នុងឧស្សាហកម្មការពារជាតិនិងបច្ចេកវិទ្យាខ្ពស់។
ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបច្ចុប្បន្នប្រឈមនឹងការយកពន្ធ 30% ក្រោមកិច្ចព្រមព្រៀងផ្អាករយៈពេល 90 ថ្ងៃដែលបញ្ចប់ក្នុងខែវិច្ឆិកា ខណៈដែលទីក្រុងប៉េកាំងដាក់ពន្ធ 10% លើទំនិញអាមេរិក។
ថ្លែងកាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា “ចំពោះបញ្ហាពន្ធដារ និងសង្គ្រាមពាណិជ្ជកម្ម ជំហររបស់ចិនតែងតែស្របជាមួយ។ ប្រសិនបើពួកគេចង់ប្រយុទ្ធ យើងនឹងប្រយុទ្ធដល់ទីបញ្ចប់ ប្រសិនបើពួកគេចង់និយាយគ្នា នោះទ្វាររបស់ចិន គឺបើកចំហ”៕
ប្រែសម្រួលៈ ណៃ តុលា
