ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក អាចខាតបង់ផ្នែកសេដ្ឋកិច្ច ១៥ពាន់លានដុល្លារក្នុងមួយសប្តាហ៍

បរទេស៖ ការបិទរដ្ឋាភិបាលសហព័ន្ធអាមេរិកដែលកំពុងបន្ត គឺអាចធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាតបង់រហូតដល់ ១៥ ពាន់លានដុល្លារក្នុងមួយសប្តាហ៍, នេះបើយោងតាមមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក។ របាយការណ៍របស់ Reuters បាននិយាយថា តួលេខនេះជាការកែតម្រូវយ៉ាងមុតស្រួចពីការកត់សម្គាល់លើកមុនរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក Scott Bessent ដែលបានដាក់ការខាតបង់រហូតដល់ ១៥ ពាន់លានដុល្លារក្នុងមួយថ្ងៃ។
យោងតាមសារព័ត៌មាន Time Now ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបិទរដ្ឋាភិបាលដែលឥឡូវនេះឈានចូលដល់សប្តាហ៍ទី ៣ បានចាប់ផ្តើមថ្លឹងថ្លែងយ៉ាងខ្លាំងទៅលើប្រតិបត្តិការរបស់រដ្ឋាភិបាល និងសកម្មភាពវិស័យឯកជន ដោយគំរាមកំហែងដល់ការបង្អាក់សន្ទុះនៃការពង្រីកសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។
ថ្លែងកាលពីល្ងាចថ្ងៃពុធ មន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយថា ការប៉ាន់ប្រមាណតម្លៃដែលបានធ្វើបច្ចុប្បន្នភាពគឺផ្អែកលើការវិភាគដោយក្រុមប្រឹក្សាទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន (CEA)។ នៅព្រឹកថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក Bessent បានលើកឡើងពីតួលេខខ្ពស់នៅក្នុងការបង្ហាញខ្លួនជាសាធារណៈចំនួនពីរ រួមទាំងនៅក្នុងព្រឹត្តិការណ៍ CNBC នៅខាងក្រៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។
លោក Bessent បាននិយាយថា “ការបិទកំពុងចាប់ផ្តើមកាត់បន្ថយសាច់ដុំនៃសេដ្ឋកិច្ចអាមេរិក” ដោយជំរុញឱ្យគណបក្សប្រជាធិបតេយ្យ “ក្លាយជាវីរបុរស” និងសហការជាមួយគណបក្សសាធារណរដ្ឋដើម្បីបើករដ្ឋាភិបាលឡើងវិញ៕
ប្រែសម្រួលៈ ណៃ តុលា
