ចិន ជំរុញឲ្យអាមេរិក បញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកាន់ក្រុមផ្តាច់ខ្លួន «ឯករាជ្យតៃវ៉ាន់»

ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបែកខ្លួនដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងច្បាប់អនុញ្ញាតការពារជាតិថ្មី ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកនាពេលថ្មីៗនេះ ដែលបានបែងចែកជំនួយយោធាចំនួន ១ ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ និងស្វែងរកការអញ្ជើញកោះនេះឱ្យចូលរួមក្នុងសមយុទ្ធយោធាមួយ។
លោកបានលើកឡើងថា “សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយគ្មានការជ្រៀតជ្រែកពីខាងក្រៅនោះទេ។ យើងប្រឆាំងដាច់ខាត ចំពោះការដាក់បញ្ចូលខ្លឹមសារទាក់ទងនឹងតៃវ៉ាន់ នៅក្នុងច្បាប់ពាក់ព័ន្ធនៃសភាសហរដ្ឋអាមេរិក ហើយយើងប្រឆាំងដាច់ខាត ចំពោះគ្រប់ទម្រង់នៃទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់”។
នៅពេលឆ្លើយសំណួរប្រព័ន្ធផ្សព្វផ្សាយអំពីការបញ្ចូលក្រុមហ៊ុនអាមេរិកចំនួនបី ក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបានរបស់ប្រទេសចិន លោក Chen បានលើកឡើងថាក្រុមហ៊ុនទាំងនេះដោយមិនយកចិត្តទុកដាក់ ចំពោះការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិន បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាយោធាជាមួយតៃវ៉ាន់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន៕
ប្រែសម្រួល ឈូក បូរ៉ា
