ស្លូវេនី ព្រមានពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាដ៏ផុយស្រួយ និងអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងសន្តិភាពប្រកបដោយនិរន្តរភាព

បរទេស៖ រដ្ឋមន្ត្រីការបរទេសស្លូវេនីលោកស្រី Tanja Fajon បានឲ្យដឹងថាបទឈប់បាញ់នាពេលបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា នៅតែមានភាពផុយស្រួយហើយបានព្រមានអំពីបញ្ហាប្រឈមដ៏ស្មុគស្មាញនៅខាងមុខ ក្នុងការអនុវត្តដំណាក់កាលបន្ទាប់នៃផែនការសន្តិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងនៅចំពោះមុខគណៈកម្មាធិការគោលនយោបាយការបរទេសរបស់សភា លោកស្រី Fajon បានសម្តែងការព្រួយបារម្ភអំពី “ស្ថានភាពដ៏ផុយស្រួយនៅលើដី” ដោយកត់សម្គាល់ថា ជំនួយមនុស្សធម៌ដែលចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាមនៅតែមិនគ្រប់គ្រាន់។
លោកស្រីបានលើកឡើងថា បញ្ហាសំខាន់មួយចំនួននៅតែត្រូវដោះស្រាយ រួមទាំងសំណួរអំពីអភិបាលកិច្ច និងការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។ លោកស្រីបន្ដថា “ស្លូវេនីនៅតែសកម្ម និងប្តេជ្ញាស្វែងរកដំណោះស្រាយនយោបាយ ដែលនឹងបង្កើតបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅមជ្ឈិមបូព៌ា និងការរួមរស់ដោយសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន”។
លោកស្រីបានសង្កត់ធ្ងន់ថាកិច្ចខិតខំប្រឹងប្រែងគួរតែរួមបញ្ចូលការបង្កើតរដ្ឋប៉ាឡេស្ទីនស្របតាមដំណោះស្រាយរដ្ឋពីរ ដោយបញ្ជាក់ពីសារៈសំខាន់របស់អង្គការសហប្រជាជាតិក្នុងការកសាងក្របខ័ណ្ឌនយោបាយស្ថិរភាពសម្រាប់អភិបាលកិច្ចប៉ាឡេស្ទីន ក៏ដូចជាតួនាទីរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រដំណើរការនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
