ជើងហោះហើរដឹករដ្ឋមន្ត្រីការពារជាតិអាមេរិក ចុះចតនៅចក្រភពអង់គ្លេស ក្នុងស្ថានភាពគ្រាអាសន្ន

ឡុងដ៍៖ ជើងហោះហើរដែលដឹករដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចុះចតនៅអាកាសយានដ្ឋានយោធាក្នុងប្រទេសអង់គ្លេស កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីបានប្រកាសអាសន្ន នេះបើយោងតាមវេទិកាឃ្លាំមើលយន្តហោះ ADS-B Exchange ។
លោក Sean Parnell អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានបញ្ជាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ការចុះចតដោយមិនបានគ្រោងទុក” គឺបណ្តាលមកពី “ការប្រេះស្រាំនៅក្នុងកញ្ចក់យន្តហោះ”។
លោកបានបន្ថែមថា “យន្តហោះបានចុះចតដោយផ្អែកលើនីតិវិធីស្តង់ដារ ហើយគ្រប់គ្នានៅលើយន្តហោះ រួមទាំងលោក Hegseth គឺមានសុវត្ថិភាព” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជើងហោះហើរ SAM 153 កំពុងហោះហើរលើមហាសមុទ្រអាត្លង់ទិកខាងជើង មុនពេលត្រឡប់ទៅប្រទេសអង់គ្លេសវិញ។ លោក Parnell បានលើកឡើងថា ជើងហោះហើរនេះកំពុងធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូក្នុងប្រទេសបែលហ្សិក៕
ប្រែសម្រួល ឈូក បូរ៉ា
