ព័ត៌មានអន្តរជាតិ

ប្អូនស្រីពៅរបស់ស្តេចថៃ បង្ហាញបំណងចង់ឱ្យយោធាសាងសង់របង នៅតាមព្រំដែនជាអចិន្ត្រៃយ៍ជាមួយកម្ពុជា

បរទេស៖ ប្អូនស្រីពៅរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបង្ហាញបំណងចង់ឱ្យយោធាសាងសង់របងនៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីជម្លោះទឹកដីរវាងប្រទេសទាំងពីរបានផ្ទុះឡើងរហូតដល់ការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរកាលពីដើមឆ្នាំនេះ។

យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ព្រះនាងម្ចាស់ Chulabhorn បានប្រាប់មន្ត្រីកងទ័ពក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងបាងកកសប្តាហ៍នេះថា “សូមជួយពិចារណាពីរបៀបដែលយើងអាចសាងសង់ជញ្ជាំងព្រំដែនអចិន្ត្រៃយ៍រវាងកម្ពុជា និងថៃ មិនមែនជាសំណង់បណ្តោះអាសន្នទេ ប៉ុន្តែជារចនាសម្ព័ន្ធយូរអង្វែង”។ ព្រះនាងក៏បានស្នើឱ្យយោធាសាងសង់លេណដ្ឋានសម្រាប់អ្នកស្រុក រួមជាមួយនឹងកន្លែងសម្រាប់បុគ្គលិកយោធាផងដែរ។

វា​ជា​ការ​កត់សម្គាល់​ដ៏​កម្រ​មួយ​របស់​រាជវង្ស​ថៃ ដែល​សមាជិក​ជាធម្មតា​បដិសេធ​មិន​ធ្វើ​សេចក្តីថ្លែងការណ៍​នយោបាយ និង​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​ដ៏​ជូរចត់​ជាមួយ​ប្រទេស​ជិតខាង​គឺកម្ពុជា។ ក្នុង​ការ​ស្ទង់មតិ​មួយ មានអ្នក​ឆ្លើយ​សំណួរ​ជាង​ពាក់​កណ្តាល​បាន​និយាយ​ថា ប្រទេស​ថៃ​មិន​គួរ​មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា​នោះទេ ខណៈ ១៤ ភាគរយ​ទៀត​ថា​ កម្ពុជា​ជា​សត្រូវ​របស់​ប្រទេសថៃ។

ប្រទេស​ថៃ និង​កម្ពុជា មាន​ព្រំដែន​ប្រមាណ ៨០៤ គីឡូម៉ែត្រ ដែល​មាន​ចំណុច​ជាមួយ​តំបន់​ជម្លោះ​ដែល​កំពុង​ពុះកញ្ជ្រោល​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ ភាព​តានតឹង​បាន​ផ្ទុះ​ឡើង​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ​ដ៏​អាក្រក់​បំផុត​រវាង​ប្រទេស​ទាំង​ពីរ​កាលពីក្នុង​ខែ​កក្កដា ដោយ​បាន​សម្លាប់​មនុស្ស​ជាច្រើននាក់។

បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​ត្រូវ​បាន​សម្រេច​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​គំរាម​បិទ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា និងថៃ លុះ​ត្រា​តែ​ប្រទេសទាំងពីរឈប់​ប្រយុទ្ធគ្នា៕

ប្រែសម្រួលៈ ណៃ តុលា

To Top