ព័ត៌មានអន្តរជាតិ

កងទ័ពថៃ កំពុងពន្លឿនការសាងសង់លេណដ្ឋានយោធា និងជម្រកជនស៊ីវិលនៅតាមព្រំដែនកម្ពុជា-ថៃ

បរទេស៖ កងទ័ពភូមិភាគ១ នៃកងយោធពលខេមរភូមិន្ទថៃ កំពុងធ្វើសកម្មភាពលើក្តីកង្វល់ដែលលើកឡើងដោយ ព្រះនាងម្ចាស់ Chulabhorn Walailak ប្អូនស្រីរបស់ស្តេចថៃ ទាក់ទងនឹងសុវត្ថិភាពនៅតាមព្រំដែនកម្ពុជា-ថៃ។ ក្រោមមូលនិធិ Chulabhorn កងទ័ពកំពុងពន្លឿនការសាងសង់លេណដ្ឋានការពារសម្រាប់បុគ្គលិកយោធា និងជម្រកជនស៊ីវិលនៅតាមព្រំដែនកម្ពុជា-ថៃ។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែតុលា លោកឧត្តមសេនីយ៍ឯក Worayos Luangsuwan មេបញ្ជាការយោធភូមិភាគទី១ បានចុះពិនិត្យការដ្ឋានសំណង់នៅ Ban Nong Chan-Ban Nong Ya Kaeo ស្រុក Khok Sung ខេត្តស្រះកែវ។

កងកម្លាំងប៊ូរ៉ាផានឹងសាងសង់លេណដ្ឋានយោធាចំនួន ៧២ នៅមូលដ្ឋានប្រតិបត្តិការ និងជម្រកជនស៊ីវិលចំនួន ៦ (កន្លែងនីមួយៗអាចផ្ទុកមនុស្សបាន ៤០ នាក់) នៅទូទាំងស្រុកចំនួន ៣ គឺ៖ តាប្រាយ៉ា (២ ទីតាំង) ខុកស៊ុង (២ ទីតាំង) និងអារញ្ញប្រាថេត (២ ទីតាំង)។

ការសាងសង់ដំបូងនឹងផ្តល់អាទិភាពដល់លេណដ្ឋានចំនួន ១០ និងជម្រកជនស៊ីវិលចំនួន ២ ។

ប្រែសម្រួលៈ ណៃ តុលា

To Top