ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជាក់ពីការត្រៀមខ្លួនក្នុងការបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប ប្រសិនបើមានការស្នើសុំ

Xinhua

មូស្គូ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ប្រសិនបើមានការស្នើសុំ។ លោក Novak បានលើកឡើងថា ការបដិសេធរបស់អឺរ៉ុប ចំពោះឧស្ម័នរុស្ស៊ី បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់។

លោកបានលើកឡើងនៅពេលសួរថាតើទីក្រុងម៉ូស្គូ នឹងពិចារណាលើការបង្កើនការចែកចាយឧស្ម័នទៅកាន់អឺរ៉ុបដែរទេ ប្រសិនបើមានការស្នើសុំ ក្នុងនោះលោកបានបញ្ជាក់ថា “រុស្ស៊ីតែងតែត្រៀមខ្លួនជាស្រេច និងបើកចំហសម្រាប់ការសន្ទនា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Novak បានបន្ថែមថា រុស្ស៊ីតែងតែយល់ព្រមលើការផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់អឺរ៉ុប ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ខ្លួនក្នុងអំឡុងរដូវស្លឹកឈើជ្រុះ និងរដូវរងា បើទោះបីជាវាមិនមានផលចំណេញខាងសេដ្ឋកិច្ចក៏ដោយ។

នៅក្នុងនោះដែរ លោកបានបន្ថែមថាការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបមានចំនួនប្រហែល ១៩ ភាគរយនៃការនាំចូលថាមពលរបស់សហភាពអឺរ៉ុប គឺធ្លាក់ចុះពីប្រហែល ៤៤ ភាគរយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top