អាល្លឺម៉ង់ចំណាយដល់ទៅ ១០ពាន់លានអឺរ៉ូដើម្បីតែផលិតផលជាដ្រូនសម្រាប់យោធា

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Boris Pistorius បាននិយាយថា ប្រទេសអាល្លឺម៉ង់គ្រោងនឹងចំណាយប្រាក់ចំនួន១០ពាន់លានអឺរ៉ូឬត្រូវជា១០,៨ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីតែទៅលើការពង្រីកកងកម្លាំងយន្តហោះគ្មានមនុស្សបើកយោធារបស់ខ្លួន។
ផែនការនេះកើតឡើងចំពេលដែលសហភាពអឺរ៉ុបពិភាក្សាអំពី ជញ្ជាំងយន្តហោះគ្មានមនុស្សបើក ដែលជាបណ្តាញដែលបានស្នើឡើងនៃប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធឃ្លាំមើល ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ី។
ការទិញយកយន្តហោះដ្រូន UAV របស់អាឡឺម៉ង់គឺជាផ្នែកមួយនៃការជំរុញផ្នែកយោធាកាន់តែទូលំទូលាយនៅទូទាំងប្លុក ដោយទីក្រុងប៊ែរឡាំងមានតួនាទីនាំមុខគេបំផុត។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូនៅទីក្រុងប្រ៊ូលកាលពីថ្ងៃពុធ លោក Pistorius បានសន្យាថាប្រទេសអាល្លឺម៉ង់នឹងដើរតួយ៉ាងសំខាន់ក្នុងវិស័យការពារដែនអាកាសរបស់សហភាពអឺរ៉ុប។
គួរឲ្យដឹងដែរថាថ្មីៗនេះ មន្ត្រីលោកខាងលិចមួយចំនួនបានចោទប្រកាន់យន្តហោះ និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីថាបានរំលោភលើដែនអាកាសរបស់សហភាពអឺរ៉ុប ដោយដាក់ស្លាកឧប្បត្តិហេតុនេះថាជាផ្នែកមួយនៃ សង្រ្គាមកូនកាត់ ដែលត្រូវបានចោទប្រកាន់ដោយទីក្រុងម៉ូស្គូ។
យ៉ាងណាក្តីវិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះ ដោយបានអះអាងថាវាគឺជាការអះអាងដែលគ្មានមូលដ្ឋានច្បាស់លាស់ និងបានចោទប្រកាន់លោកខាងលិចថាបានជំរុញឱ្យមានការប្រឆាំងនឹងរុស្ស៊ី និងបង្កភាពច្របូកច្របល់ ៕
ប្រែសម្រួល៖ ស៊ុនលី
