លោក Putin និងលោក Trump សន្ទនាគ្នាតាមទូរស័ព្ទចំពេលមានព័ត៌មាន អំពីការផ្គត់ផ្គង់មីស៊ីលចំងាយឆ្ងាយឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍។
លោក Trump បានចូលទៅបង្ហោះនៅវេទិកាសង្គម Truth Social របស់គាត់ប្រហែល៤០នាទីមុនពេលការបញ្ជាក់របស់រុស្ស៊ី ដើម្បីប្រកាសថាវាគឺជាការសន្ទនាគ្នាក្នុងរយៈពេលដ៏វែងមួយជាមួយនឹងលោក Putin។
ការពិភាក្សារវាងមេដឹកនាំទាំងពីរបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ជុំវិញការលើកឡើងរបស់លោក Trump ដែលគាត់អាចផ្តល់មីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពវាយប្រហារយ៉ាងជ្រៅទៅក្នុងប្រទេសរុស្ស៊ី – ទៅកាន់អ៊ុយក្រែន មុនពេលកិច្ចប្រជុំដែលបានគ្រោងទុកជាមួយលោក Vladimir Zelensky នៅថ្ងៃសុក្រ។
ទីក្រុងមូស្គូបានថ្កោលទោសទង្វើដ៏មានសក្តានុពលនេះ ហើយបានព្រមានថា ខ្លួននឹងលុបចោលនូវសុច្ឆន្ទៈការទូតដែលបានបង្កើតឡើងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដោយមិនផ្លាស់ប្តូរស្ថានភាពនៅជួរមុខ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Peskov បាននិយាយថា ការបញ្ជូនអាវុធបែបនេះទៅកាន់ទីក្រុងគៀវ ក៏នឹងបង្ខំឱ្យទីក្រុងមូស្គូ ចាត់វិធានការសងសឹកជាចាំបាច់ជាមិនខាន៕
ប្រែសម្រួល៖ ស៊ុនលី
