ព័ត៌មានអន្តរជាតិ

ចិន​  នឹង​បង្កើន​ប្រសិទ្ធភាព​ការ​គ្រប់គ្រង​ការ​នាំ​ចេញ​រ៉ែកម្រ និងសម្រួល​ពាណិជ្ជកម្ម​ស្រប​ច្បាប់

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន​ នឹងបន្តបង្កើនប្រសិទ្ធភាពនីតិវិធីផ្តល់អាជ្ញាប័ណ្ណ និងកាត់បន្ថយពេលវេលាត្រួតពិនិត្យក្នុងការអនុវត្តការត្រួតពិនិត្យការនាំចេញរ៉ែកម្រចុងក្រោយបំផុតរបស់ខ្លួន ហើយនឹងពិចារណាយ៉ាងសកម្មនូវវិធានការសម្របសម្រួល​ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មស្របច្បាប់ប្រកបដោយប្រសិទ្ធភាព។

វិធានការត្រួតពិនិត្យការនាំចេញនាពេលថ្មីៗនេះ គឺជាកិច្ចខិតខំប្រឹងប្រែងធម្មតា ដែលរដ្ឋាភិបាលចិនបានធ្វើ ដើម្បីកែលម្អប្រព័ន្ធត្រួតពិនិត្យការនាំចេញរបស់ប្រទេសចិន ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ហើយមិនត្រូវបានកំណត់គោលដៅលើប្រទេស ឬតំបន់ជាក់លាក់ណាមួយឡើយ នេះបើយោងតាមអ្នកនាំពាក្យក្រសួងលោកស្រី He Yongqian ។

លោកស្រីបានលេីកឡេីងថា “កម្មវិធីទាំងអស់សម្រាប់ការនាំចេញអនុលោមតាមច្បាប់​ ដែលមានបំណងសម្រាប់ការប្រើប្រាស់ស៊ីវិលនឹងត្រូវបានអនុម័ត”។

លោកស្រីបានកត់សម្គាល់ថា ការគ្រប់គ្រងនេះបង្កើតបានជាការអនុវត្តស្របច្បាប់​ ដែលត្រូវបានរចនាឡើង​ ដើម្បីទប់ស្កាត់ការប្រើប្រាស់ខុសច្បាប់នៃភពកម្រ ដូចជាការប្រើប្រាស់អាវុធប្រល័យលោក ដែលជាហេតុការពារសន្តិសុខជាតិរបស់ប្រទេសចិន និងសន្តិសុខរួមសកលលោក។

យោងតាមអ្នកនាំពាក្យរូបនេះបានឱ្យដឹងថា ប្រទេសចិន​ បានជូនដំណឹងដល់ប្រទេស និងតំបន់ពាក់ព័ន្ធ មុនពេលប្រកាសវិធានការត្រួតពិនិត្យការនាំចេញទាំងនេះ ហើយឥឡូវនេះកំពុងទាក់ទងជាមួយភាគីពាក់ព័ន្ធលើការសម្របសម្រួលរបស់ពួកគេ។

លោកស្រីបានបន្ដថា ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងរបស់ខ្លួន និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរឹតត្បិតជាបន្តបន្ទាប់ដែលសហរដ្ឋអាមេរិកបានអនុវត្ត រួមទាំងការប្រកាសនាពេលថ្មីៗនេះអំពីច្បាប់ថ្មី​ ដែលពង្រីកការរឹតបន្តឹងការនាំចេញ “បញ្ជីឈ្មោះអង្គភាព” ក៏ដូចជាវិធានការដាក់ថ្លៃកំពង់ផែបន្ថែមលើនាវាចិនបន្ទាប់ពីការស៊ើបអង្កេតផ្នែកទី ៣០១។
លោកស្រី​បាន​បន្ថែម​ថា ចិន​ជំរុញ​ឱ្យ​អាមេរិក​កែ​តម្រូវ​ការ​អនុវត្ត​ខុស​ជា​បន្ទាន់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top