ព័ត៌មានអន្តរជាតិ

លោក ត្រាំ​ គំរាម​លូកដៃ​ចូល​  និងកំទេចសមាជិក​ក្រុមហាម៉ាស់​ ប្រសិន​បើ​ការ​ សម្លាប់​នៅ​តំបន់ហ្គាហ្សា នៅ​តែ​បន្ត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ បានគំរាមថានឹង «ចូលទៅសម្លាប់» សមាជិកក្រុម ហាម៉ាស់​ បន្ទាប់ពីវីដេអូ មួយបាន លេចចេញឡើង បង្ហាញពីខ្មាន់កាំភ្លើងដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងនឹង ក្រុមនេះ​ ដែលកំពុងអនុវត្ត ការប្រហារជីវិតជាសាធារណៈនៅតំបន់ហ្គាហ្សា ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងប ទឈប់បាញ់បានចូលជាធរមាន។

លោក ត្រាំ បានសរសេរ នៅលើបណ្ដាញ​ Truth Social របស់លោកថា “ប្រសិនបើក្រុមហាម៉ាស់ បន្តសម្លាប់ប្រជាជននៅតំបន់ ហ្គាហ្សា ដែលមិនមែន ជាកិច្ចព្រមព្រៀង យើងនឹងគ្មានជម្រើសអ្វី ក្រៅពីចូលទៅសម្លាប់ពួកគេនោះទេ”។

លោក ដូណាល់​ ត្រាំ​ បានប្រាប់ កាសែត CNN កាលពីថ្ងៃពុធថា លោកនឹងពិចារណាអនុញ្ញាត ឱ្យនាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ បន្តសកម្មភាពយោធានៅតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស់​ មិនព្រមគោរពតាមលក្ខខណ្ឌបទឈប់បាញ់។

នៅពេលសួរថាតើនឹងមានអ្វីកើតឡើង ប្រសិនបើក្រុមហាម៉ាស់ មិនព្រមដកអាវុធ លោក​ ត្រាំ​ បានឧ្យដឹងថា “អ៊ីស្រាអែល​ នឹងត្រលប់ទៅតាមផ្លូវទាំងនោះវិញភ្លាមៗ នៅពេលដែលខ្ញុំនិយាយពាក្យនេះ។ ប្រសិនបើអ៊ីស្រាអែលអាចចូលទៅក្នុង និងគប់គ្រាប់បែកចេញពីពួកគេ ពួកគេនឹងធ្វើវា” ។

គួរបញ្ជាក់ថា​ នៅក្រោមកិច្ចព្រមព្រៀង អ៊ីស្រាអែល-ហាម៉ាស់​ ដំណាក់កាលដំបូងនៃបទឈប់បាញ់រួម មានការដកកងទ័ពអ៊ីស្រាអែលចេញពីទីក្រុងហ្គាហ្សា ទីក្រុងរ៉ាហ្វា ទីក្រុងខាន់យូនីស និងភាគខាងជើងហ្គាហ្សា រួមជាមួយនឹងការផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោស និងការបើកច្រកឆ្លងកាត់ចំនួន៥​ សម្រាប់ជំនួយមនុស្សធម៌៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top