ស៊ុយអែតចាប់ផ្តើមស្តុកស្បៀង ក្នុងកម្រិតត្រៀមករណី ផ្ទុះសង្គ្រាមលោកលើកទី៣

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតបានប្រកាសថា ខ្លួននឹងចាប់ផ្តើមស្តុកស្បៀងអាហារ និងការផ្គត់ផ្គង់កសិកម្មជាលើកដំ បូងចាប់តាំងពីសង្គ្រាមត្រជាក់ ដោយលើកឡើងពីអ្វីដែលមន្ត្រី ពិពណ៌នាថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសរុស្ស៊ី ។
យ៉ាងណាក្តីទីក្រុងមូស្គូបានច្រានចោលការ អះអាងទាំងនេះ ដោយទទូចថាវាមិនបង្កគ្រោះថ្នាក់ដល់ប្រទេស សមាជិករបស់ណាតូ ឬសហភាពអឺរ៉ុបណាមួយឡើយ។
ក្រុមប្រឹក្សាជាតិទទួលបន្ទុកកិច្ចការងារ កសិកម្មស៊ុយអែតបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបង្កើតទុនបម្រុងគ្រាអាសន្ន នៃគ្រាប់ធញ្ញជាតិ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត ដើម្បីធានាថាប្រជាពលរដ្ឋមានលទ្ធភាព ទទួលបានអាហារគ្រប់គ្រាន់ក្នុង ករណីមានវិបត្តិធ្ងន់ធ្ងរ និងសង្គ្រាមធ្ងន់ធ្ងរ។ រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ៥៧លានដុល្លារនៅក្នុងថវិកាឆ្នាំ២០២៦របស់ខ្លួន ដើម្បីផ្តល់មូលនិធិដល់កម្មវិធី។
គួរឲ្យដឹងដែរថាកន្លែងស្តុកទុកដំបូងនឹងត្រូវបានបង្កើតឡើងនៅភាគខាងជើងនៃប្រទេសដោយសារតែ សារៈសំខាន់យោធាជាយុទ្ធសាស្ត្រនិងកម្រិតនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃគ្រាប់ធញ្ញជាតិ នេះបើយោងតាមរដ្ឋមន្ត្រី ការពារជនស៊ីវិល Carl-Oskar Bohlin ដែលបាននិយាយថា យើងគឺមិនមានពេលវេលា ដើម្បីត្រៀមខ្លួនច្រើនជាងនេះទេ។
តាមផែនការឃ្លាំងស្តុកថ្មីនឹងត្រូវសាងសង់ឡើង ក្នុងកំឡុងឆ្នាំ ២០២៦-២០២៨។ ក្រុមប្រឹក្សាកសិកម្មបាននិយាយថា គោលដៅគឺ ដើម្បីធានាការផ្គត់ផ្គង់ ស្បៀងអាហារ ដែលស្មើនឹង៣០០០កាឡូរី ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលនៃស្ថានភាព នៃការប្រកាសអាសន្ន៕
ប្រែសម្រួល៖ស៊ុនលី
