អ៊ីរ៉ង់ កាត់ទោសប្រហារ ជីវិតបុរសម្នាក់ ពីបទធ្វើចារកម្មឱ្យអ៊ីស្រាអែល

តេអេរ៉ង់ៈ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃតុលាការអ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់ បានកាត់ទោសប្រហារជីវិតបុរសម្នាក់ ដែលត្រូវបានកាត់ទោស ពីបទចារកម្មក្នុងនាមទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ របស់អ៊ីស្រាអែល Mossad ។
ទីភ្នាក់ងារ Mizan បានដកស្រង់សម្តីលោក Seyed Kazem Mousavi ដែលជាប្រធានតុលាការបានឲ្យដឹងថា បុរសដែលមិនស្គាល់អត្តសញ្ញាណរូបនេះ ត្រូវបានប្រហារជីវិត នៅពន្ធនាគារមួយក្នុងខេត្ត Qom ភាគកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍។
លោកបានបន្ថែមថា ទណ្ឌិតរូបនេះ បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ចារកម្មជាមួយអ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ ២០២៣ ហើយត្រូវបានចាប់ខ្លួន នៅខែកុម្ភៈ ឆ្នាំ ២០២៤ ។ ប្រធានតុលាការរូបនេះ បានលើកឡើងថា បុរសនោះបានសារភាពថា មានកិច្ចសហប្រតិបត្តិការ ស៊ើបការណ៍សម្ងាត់ជាមួយ អ៊ីស្រាអែល ហើយត្រូវបានកាត់ទោសប្រហារជីវិត តាមនីតិវិធីច្បាប់។
គួរបញ្ជាក់ងថា យោងតាមលោក Mousavi បានឱ្យដឹងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងតុលាការរបស់ប្រទេសអ៊ីរ៉ង់ បានរកឃើញ សកម្មភាព របស់បុរសនោះ និងបានរារាំងការបញ្ជូនទិន្នន័យ រសើបរបស់ប្រទេសនេះ ទៅកាន់ប្រទេសអ៊ីស្រាអែល៕
