អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា ដោយចោទក្រុមហាម៉ាស់ថា បានរំលោភបទឈប់បាញ់

ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានចោទប្រកាន់ក្រុមហាម៉ាស់ថា បានបាញ់មីស៊ីលប្រឆាំងរថក្រោះ និងការបាញ់គ្រាប់ផ្លោងទៅលើកងទ័ពអ៊ីស្រាអែល ដែលរុះរើហេដ្ឋារចនាសម្ព័ន្ធនៅរ៉ាហ្វាក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពទាំងនេះ “ជាការបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឈប់បាញ់” ដោយបន្ថែមថា ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើតំបន់ភាគខាងកើតនៃទីក្រុងរ៉ាហ្វា ដោយបន្ថែមថាវាពិបាកសម្រាប់ក្រុមរថយន្តសង្គ្រោះដើម្បីទៅដល់តំបន់នេះ ដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ខណៈដែលការទម្លាក់គ្រាប់បែកនៅតែបន្ត។
ការិយាល័យរបស់លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីឧបទ្ទវហេតុនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើការពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីការពារជាតិលោក Yisrael Katz និងមន្ត្រីសន្តិសុខ ហើយបានណែនាំពួកគេឱ្យធ្វើសកម្មភាពដោយកម្លាំងប្រឆាំងនឹងគោលដៅនៅក្នុងតំបន់ហ្គាហ្សា។
រហូតមកដល់ពេលនេះ គ្មានបក្សពួកប៉ាឡេស្ទីនចេញមុខទទួលខុសត្រូវនៅឡើយទេ។ កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស់ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួន “បញ្ជាក់ការប្តេជ្ញាចិត្តពេញលេញរបស់ខ្លួន” ចំពោះបទឈប់បាញ់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ហើយបានបដិសេធរាល់ឧប្បត្តិហេតុ ឬការប៉ះទង្គិចគ្នានៅទីក្រុងរ៉ាហ្វា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូច al-Qassam បានពណ៌នាទីក្រុងរ៉ាហ្វា ថាជា “តំបន់ក្រហម” ក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ីស្រាអែល ហើយបានបញ្ជាក់ថា ការទាក់ទងជាមួយអង្គភាព ដែលនៅសេសសល់របស់ខ្លួននៅទីនោះត្រូវបានកាត់ផ្តាច់ចាប់តាំងពីការបន្តការប្រយុទ្ធគ្នាក្នុងខែមីនា ឆ្នាំ ២០២៥ ។
ប្រភពបានបន្ថែមថា វាមិនមានព័ត៌មានថាតើអ្នកប្រយុទ្ធទាំងនោះនៅរស់ ឬស្លាប់នោះទេ ដូច្នេះហើយមិនអាចទាក់ទង ឬបញ្ជាក់ព្រឹត្តិការណ៍ណាមួយ ដែលកើតឡើងនៅក្នុងតំបន់នោះទេ។ ទន្ទឹមនឹងនេះ សមាជិកការិយាល័យនយោបាយរបស់ហាម៉ាស់ លោក Izzat al-Rishq បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហាម៉ាស់ បញ្ជាក់ពីការប្តេជ្ញាចិត្តពេញលេញរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយសង្កត់ធ្ងន់ថា វាគឺជាការកាន់កាប់របស់ពួក Zionist ដែលបន្តរំលោភលើកិច្ចព្រមព្រៀង និងប្រឌិតលេសក្លែងក្លាយ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃឧក្រិដ្ឋកម្មរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
