ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសអ៊ីស្រាអែល ចំពោះការរំលោភជាញឹកញាប់ នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា

xinhua

តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Esmaeil Baghaei  បានថ្កោលទោសយ៉ាង ដាច់អហង្ការ ចំពោះអ៊ីស្រាអែល ចំពោះ “ការរំលោភជាញឹកញាប់” នៃបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Baghaei បានថ្កោលទោសជាពិសេសការ វាយប្រហាររបស់អ៊ីស្រាអែល នៅយប់ថ្ងៃសុក្រ លើរថយន្ដក្រុងដឹកគ្រួសារប៉ាឡេស្ទីនទៅកាន់ផ្ទះរបស់ពួកគេនៅភាគខាងជើងហ្គាហ្សា ដែលបានសម្លាប់មនុស្ស ១១ នាក់ ក្នុងនោះមានកុមារ ៧ នាក់និងស្ត្រីពីរនាក់ ក៏ដូចជាការបដិសេធ របស់អ៊ីស្រាអែលក្នុងការបើកច្រករ៉ាហ្វា រវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប។

លោក Baghaei បានចង្អុលទៅកំណត់ត្រាផ្លូវ របស់អ៊ីស្រាអែលក្នុងការបដិសេធ ការសន្យារបស់ខ្លួន និងការរំលោភលើកិច្ចព្រមព្រៀង បទឈប់បាញ់ផ្សេងទៀត ដោយរំឭកដល់រដ្ឋអ្នកធានា នៃកិច្ចព្រមព្រៀង បទឈប់បាញ់រវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់ ដូចជាសហរដ្ឋអាមេរិក អេហ្ស៊ីប តួកគី និងកាតា ពីការទទួលខុសត្រូវ របស់ពួកគេនៅក្នុងរឿងនេះ។

កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានចោទ ប្រកាន់ក្រុមហាម៉ាស់ថា បានបាញ់មីស៊ីលប្រឆាំងរថក្រោះ និងការបាញ់គ្រាប់ផ្លោងទៅលើ កងទ័ពអ៊ីស្រាអែល ដែលរុះរើហេដ្ឋារចនាសម្ព័ន្ធនៅ រ៉ាហ្វាក្រោមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងបទឈប់បាញ់។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពទាំងនេះ “ជាការបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឈប់បាញ់” ដោយបន្ថែមថា ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះអ៊ីស្រាអែលបានបើកការ វាយប្រហារយ៉ាងខ្លាំងក្លា ទៅលើតំបន់ភាគខាងកើតនៃទីក្រុងរ៉ាហ្វា ដោយបន្ថែមថាវាពិបាក សម្រាប់ក្រុមរថយន្តសង្គ្រោះដើម្បីទៅដល់តំបន់នេះ ដែលនៅតែស្ថិតនៅក្រោម ការគ្រប់គ្រងរបស់អ៊ីស្រាអែល ខណៈដែលការទម្លាក់គ្រាប់បែកនៅតែបន្ត។

ការិយាល័យរបស់លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីឧបទ្ទវហេតុនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើការពិគ្រោះយោបល់ ជាមួយរដ្ឋមន្ត្រីការពារជាតិលោក Yisrael Katz និងមន្ត្រីសន្តិសុខ ហើយបានណែនាំពួកគេឱ្យធ្វើសកម្មភាព ដោយកម្លាំងប្រឆាំង នឹងគោលដៅនៅក្នុងតំបន់ហ្គាហ្សា។

រហូតមកដល់ពេលនេះ គ្មានបក្សពួកប៉ាឡេស្ទីនចេញមុខ ទទួលខុសត្រូវនៅឡើយទេ ។ កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស់ បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ខ្លួន “បញ្ជាក់ការប្តេជ្ញាចិត្តពេញលេញរបស់ខ្លួន” ចំពោះបទឈប់បាញ់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ហើយបានបដិសេធរាល់ឧប្បត្តិហេតុ ឬការប៉ះទង្គិចគ្នានៅទីក្រុងរ៉ាហ្វា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូច al-Qassam បានពណ៌នាទីក្រុងរ៉ាហ្វា ថាជា “តំបន់ក្រហម” ក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ីស្រាអែល ហើយបានបញ្ជាក់ថា ការទាក់ទងជាមួយអង្គភាព ដែលនៅសេសសល់របស់ខ្លួននៅទីនោះត្រូវបានកាត់ផ្តាច់ចាប់តាំងពីការបន្តការប្រយុទ្ធគ្នាក្នុងខែមីនា ឆ្នាំ ២០២៥ ។

ប្រភពបានបន្ថែមថា វាមិនមានព័ត៌មានថាតើអ្នកប្រយុទ្ធទាំងនោះនៅរស់ ឬស្លាប់នោះទេ ដូច្នេះហើយមិនអាចទាក់ទង ឬបញ្ជាក់ព្រឹត្តិការណ៍ណាមួយ ដែលកើតឡើង នៅក្នុងតំបន់នោះទេ។ ទន្ទឹមនឹងនេះ សមាជិកការិយាល័យ នយោបាយរបស់ហាម៉ាស់ លោក Izzat al-Rishq បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហាម៉ាស់ បញ្ជាក់ពីការប្តេជ្ញាចិត្តពេញលេញរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយសង្កត់ធ្ងន់ថា វាគឺជាការកាន់កាប់របស់ពួក Zionist ដែលបន្តរំលោភលើកិច្ចព្រមព្រៀង និងប្រឌិតលេសក្លែងក្លាយ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃឧក្រិដ្ឋកម្មរបស់ខ្លួន៕

To Top