ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ឆ្ពោះទៅ ភាគខាងកើត មុនជំនួបរវាងលោក Donald Trump និងមេដឹកនាំផ្សេងទៀត នៅក្នុងប្ររទេសកូរ៉េខាងត្បូង

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធបានបាញ់សាកល្បងមីស៊ីលផ្លោងលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំខែមកនេះ ប៉ុន្មានថ្ងៃមុនប្រធានាធិបតី អាមេរិកលោក Donald Trump និងមេដឹកនាំផ្សេងទៀតត្រូវបានរំពឹងថា នឹងជួបគ្នានៅក្នុង ប្ររទេសកូរ៉េខាងត្បូង។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយសេនាធិការចម្រុះ របស់កូរ៉េខាងត្បូងបាននិយាយថា យោធាកូរ៉េខាងត្បូងបានរកឃើញ មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ដែលសង្ស័យថា បានបាញ់ចេញពីតំបន់ភាគខាងត្បូងនៃទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង។ កូរ៉េខាងត្បូងបាននិយាយថា មីស៊ីលនីមួយៗបានហោះប្រហែល ៣៥០ គីឡូម៉ែត្រ ក្នុងទិសដៅភាគឦសានប៉ុន្តែមិនបាននិយាយថា មីស៊ីលទាំងនោះបានធ្លាក់នៅទីណានោះទេ។

យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនរក្សាការត្រៀមខ្លួន ដើម្បីទប់ទល់រាល់ការបង្កហេតុរបស់កូរ៉េខាងជើង ដោយផ្អែកលើសម្ព័ន្ធភាពយោធា ដ៏រឹងមាំជាមួយសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី Sanae Takaichi បានប្រាប់អ្នកសារព័ត៌មានថា គ្មានមីស៊ីលកូរ៉េខាងជើងណាមួយ បានទៅដល់ដែនទឹក ឬតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ប្រទេសជប៉ុនឡើយ ហើយថា មិនមានរបាយការណ៍អំពីការ ខូចខាតដែលបណ្តាលមកពី ការបាញ់សាកល្បងនេះនោះទេ។ លោកស្រីបាននិយាយថា ទីក្រុងតូក្យូកំពុងទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល រួមទាំងតាមរយៈការ ចែករំលែកទិន្នន័យព្រមាន មីស៊ីលក្នុងពេលជាក់ស្តែងផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top