អ៊ីរ៉ង់ បញ្ជាក់ថា នឹងមិនបន្តការចរចាឡើងវិញទេ លុះត្រាតែអាមេរិកបោះបង់ចោល ការទាមទារហួសហេតុរបស់ខ្លួន
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងមិនវិលត្រឡប់មកតុចរចាវិញទេ លុះត្រាតែសហរដ្ឋអាមេរិក បោះបង់ចោល “ការទាមទារហួសហេតុ” និង “សំណើមិនសមហេតុផល”របស់ខ្លួន ។ លោកបានធ្វើការកត់សម្គាល់នៅពេលមកដល់ទីក្រុង Mashhad ភាគឦសានរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមសន្និសីទមួយ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។
លោក Araghchi បានចាត់ទុកការផ្អាកកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាការពិភាក្សារបស់អ៊ីរ៉ង់ជាមួយភាគីអឺរ៉ុបជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ទៅនឹងអ្វីដែលគាត់បានពិពណ៌នាថា ជាការទទូចរបស់សហរដ្ឋអាមេរិកលើ “ការទាមទារហួសហេតុ” ។
លោកបានបន្ថែមថា “យើងតែងតែបង្ហាញថាយើងប្តេជ្ញាចំពោះដំណោះស្រាយការទូត។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថាបោះបង់សិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់នោះទេ”។ លោកបានសង្កត់ធ្ងន់ថា វាមិនអាចទៅរួចទេក្នុងការបន្តការចរចារឡើងវិញ “លុះត្រាតែសហរដ្ឋអាមេរិកផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួន ហើយទទួលយកថាការចរចាត្រូវតែផ្អែកលើការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវគោលជំហរស្មើគ្នា”។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកត្រូវបានកំណត់សម្រាប់កិច្ចចរចានុយក្លេអ៊ែរជុំទី៦ នៅពេលដែលអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសដ៏គួរឱ្យភ្ញាក់ផ្អើលលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។ នៅថ្ងៃទី ២២ ខែមិថុនា កងកម្លាំងអាមេរិកបានចូលរួមការវាយប្រហារដោយការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីគឺ Natanz, Fordow និង Isfahan ៕
ប្រែសម្រួល ឈូក បូរ៉ា
